អ្នកស្រី ជា សុខន ដែលទស្សនិកជនគុនខ្មែរហៅឈ្មោះក្រៅថា យាយម៉ាប់ មើលឃើញថា កីឡាប្រដាល់គុនខ្មែរនាពេលបច្ចុប្បន្នមានការគាំទ្រច្រើនជាងមុនទាំងកម្លាំងចិត្ត និងការចូលរួមជួយឧបត្ថម្ភ មិនថា តម្លៃខ្លួន ឬរង្វាន់ផ្សេងៗទេ។ ដូច្នេះហើយបានជាស្ត្រីមានប្រភពមកពីស្រុកឧដុង្គរូបនេះផ្ដាំកីឡាករសម័យបច្ចុប្បន្នត្រូវធ្វើប្រឹងប្រែងក្ដោបឱកាស និងសន្សំទុកដាក់ឱ្យបានត្រឹមត្រូវដើម្បីជីវភាព។
មានរយៈពេលជាង២០ឆ្នាំមកហើយដែលអ្នកស្រី ជា សុខន បានចូលរួមទស្សនាកីឡាប្រដាល់តាមសង្វៀននានា រហូតគេដាក់រហស្សនាមថា យាយម៉ាប់ ពោលឱ្យតែនិយាយពីឈ្មោះយាយម៉ាប់ អ្នកទស្សនាគុនខ្មែរភាគច្រើន បានស្គាល់ច្បាស់។
ស្ត្រីវ័យជាង៥០ឆ្នាំទទូចថា ចូលចិត្តស្រលាញ់ប្រដាល់គុនខ្មែរខ្លាំង ហើយក៏ចង់ឱ្យកូនប្រុសចូលហាត់កីឡាមរតកជាតិនេះដែរ តែកូនប្រុសអ្នកស្រីមិនសូវមានចំណាប់អារម្មណ៍ឡើយ ដោយរូបគេចូលចិត្តលេងកីឡាផ្សេងវិញ៕