ភ្នំពេញ៖ ការប្រកួតជុំទីពីរនៃពានរង្វាន់បាល់ទះ តេជោលីគ សល់មួយប្រកួតទៀតមុននឹងឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅថ្ងៃសុក្រ ទី១៦ ចុងសប្ដាហនេះ។ អ្វីដែលទស្សនិកជនរង់ចាំនោះគឺជាការជួបគ្នាក្រុមខ្លាំងទាំងពីរគឺក្រុមបញ្ជាការដ្ឋានអង្គរក្ស ត្រូវជួបគ្នាជាមួយក្រុមវិសាខា ដែលកាលពីជើងជុំទីមួយ វិសាខា បានយកឈ្នះ បញ្ជាការដ្ឋានអង្គរក្សបីសិត ទល់សូន្យ។
ហើយអ្វីដែលកាន់តែពិសេសនោះគឺវិសាខា មិនទាន់ស្គាល់ពាក្យថាចាញ់មួយសិតណាឡើយ មិនមែនមួយប្រកួតនោះទេ ដោយឆ្លងកាត់១១ប្រកួត ឈ្នះ១១ប្រកួត ហើយឈ្នះបីសិនទល់សូន្យទាំង១១ប្រកួត មាន៣៣ពិន្ទុ ឈរនៅលេខ១។
បងប្អូនដែលនិយមស្រឡាញ់វិស័យបាល់ទះបានដឹងស្រាប់ទៅហើយ វិសាខាគឺសំបូរកីឡាករល្អៗ ហើយថែមទាំងមានការហ្វឹកហាត់ដ៏ត្រូវត្រូវ បូករួមជាបទពិសោធទៅហ្វឹកហាត់នៅបរទេសទៀតផង។ ដូចជា គួន មុំ, ពិន សារុន, សឿន ហេង, ផុល រតនៈ, សួន ចាន់ណារ៉ូ, មួន និមល បូកជាមួយកីឡាករកុយបា ដ៏ល្អបីរូបទៀត។
សម្រាប់បញ្ជាការដ្ឋានអង្គរក្សវិញ ១១ប្រកួត ឈ្នះ៩ ចាញ់២ប្រកួត មាន២៦ពិន្ទុ ឈរលេខ២ ដែលការប្រកួតក្នុងជុំទីពីរ បានចាញ់ក្រុមមហាផ្ទៃ ១ប្រកួត ក្នុងលទ្ធផលដ៏តានតឹង ៣សិត ទល់២។ តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ បញ្ជាការដ្ឋានអង្គរក្សមានកីឡាករឥណ្ឌូនេស៊ីដល់ទៅបួនរូប ដូចជា Doni, Fuvi FN, Dio, Vira ស្មាត់ឆ្វេង ស៊ុយ ខន, ឃុន ម៉ាណត់, គង់ ពិសី, សួន វិចិត្រ, ពៅ ស្រស់, រ៉េត ឆាយហុង, ឈាង ជាវេង។
សម្រាប់ជុំទីពីរនេះ ពីរក្រុមទៀតនឹងត្រូវកាត់ធ្លាក់ចេញ ហើយពីរក្រុមនោះរួមមាន កងពលធំអន្តរាគមន៍លេខ៣ និងស្នងការដ្ឋាន ន.ប ខេត្តពោធិ៍សាត់ ដោយក្រុមទាំងពីរមានពិន្ទុតិចជាងគេ។ នៅសុក្រ ទី១៦ ចុងសប្ដាហនេះផងដែរ ក្រៅតែក្រុមខ្លាំងទាំងពីរខាងលើប៉ះគ្នា ក៏មានពីរគូទៀតផង ក្នុងនោះ ស្នងការដ្ឋាន ន.ប រាជធានីភ្នំពេញ ជួបជាមួយ កងពលធំអន្តរាគមន៍លេខ៣ នៅម៉ោង១៣ មួយគូទៀតនោះ ក្រសួងមហាផ្ទៃ ជួបជាមួយ ស្នងការដ្ឋាន ន.ប ខេត្តពោធិសាត់ នៅម៉ោង១៥ៈ៣០នាទី ក្នុងសាលបាល់ទះនៃពហុកីឡដ្ឋានអូឡាំពិក៕