កីឡាករ ម៉ាត់ នូរុណ កំពុងបង្ហាញគុណផលយ៉ាងល្អក្នុងប៉ុន្មានប្រកួតចុងក្រោយនេះសម្រាប់បឹងកេតក្នុងក្របខ័ណ្ឌខេមបូឌានព្រីមៀរលីគ ការបង្ហាញយ៉ាងល្អរបស់ នូរុណ ដូចជាការស្វែងរកគ្រាប់បាល់ ការបង្កើតឱកាសឱ្យមិត្តរួមក្រុម បានរួមចំណែកយ៉ាងសំខាន់ដល់ការទទួលបានលទ្ធផលល្អរបស់បឹងកេតមួយរយៈពេលនេះ ហើយខ្សែប្រយុទ្ធមាឌល្អិតរូបនេះក៏ទទួលបានសរសើរ និងទាក់ទាញការចាប់អារម្មណ៍យ៉ាងច្រើនពីអ្នកតាមដានបាល់ទាត់កម្ពុជា ក្នុងចំណោមនោះអតីតខ្សែប្រយុទ្ធឆ្នើមរបស់ជម្រើសជាតិកម្ពុជា និងក្លឹបបឹងកេត លោក ឃួន ឡាបូរ៉ាវី ក៏បានលើកឡើងពីចំណុចពិសេសមួយចំនួនរបស់ម្ចាស់អាវលេខ ១០ផងដែរ។
អតីតម្ចាស់ស្បែកជើងមាស ៤សម័យពានរង្វាន់សម្តេច ហ៊ុនសែន លោក បូរ៉ាវី បានសង្កត់ធ្ងន់ថា កត្តាសំខាន់បំផុតមួយដែលទម្លុះជញ្ជាំងបិទខ្ទប់សក្ដានុពលរបស់ ម៉ាត់ នូរុណ គឺការមានជំនឿចិត្តលើខ្លួនឯងក្នុងការលេង។
នូរុណ ក៏ជាសមាជិកក្រុមបាល់ទាត់ជម្រើសជាតិមួយរូប ប៉ុន្តែនៅក្នុងក្រុមជម្រើសជាតិកន្លងមកគេជួនជាប់ ជួនមិនមានឈ្មោះក្នុងបញ្ជឺ ហើយក៏មិនសូវបានបង្ហាញខ្លួនក្នុងជម្រើសដំបូង និងបង្កើតភាពលេចធ្លោប៉ុន្មានដែរ, មូលហេតុនៅពីក្រោយភាពមិនសូវសមប្រកបនៅក្នុងក្រុមជម្រើសជាតិនេះ ក៏ត្រូវបានលោក បូរ៉ាវី លើកឡើងថាពាក់ព័ន្ធនិងកត្តាទំនុកចិត្តនេះឯង។
គិតមកដល់សប្តាហ៍ទី ២០នេះ កីឡាករមានប្រភពក្នុងរាជធានីភ្នំពេញខាងលើកំពុងមាន ១០គ្រាប់ក្នុងដៃឈរចំណាត់ថ្នាក់ទី៤ ជាកីឡាកររកគ្រាប់បាល់បញ្ជូលទីច្រើនជាងគេក្របខណ្ឌ័ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៣/២៤នេះ។ ក្នុងចំណោម ៥ប្រកួតចុងក្រោយនៃលីគកំពូលកម្ពុជារូបគេរកគ្រាប់បាល់បាន ៣គ្រាប់ ពោលស៊ុតបញ្ជូលទី ២គ្រាប់ម្នាក់ឯង ក្នុងជំនួបជាមួយក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដែលបញ្ចប់ទៅក្នុងលទ្ធផលស្មើគ្នា ៣ទល់នឹង៣ និងមួយគ្រាប់ទៀតរកបានក្នុងប្រកួតទល់នឹងក្លឹបអង្គរថៃហ្គ័រ គ្រាដែលបឹងកេតយកឈ្នះក្នុងលទ្ធផល ៥ទល់នឹង២។
ម៉ាត់ នូរុណ បានចូលរួមបឹងកេតក្នុងឆ្នាំ២០១៩ ហើយមកទល់ពេលនេះបានលើកពានរង្វាន់ពីរជាមួយបឹងកេតគឹ ពានសម្តេច ហ៊ុន សែន ឆ្នាំ២០១៩ និងពានរង្វាន់លីគកំពូលកម្ពុជា ២០២០ ហើយថ្មីៗនេះ នូរុណ ទើបតែបន្តកិច្ចសន្យាថ្មីជាមួយបឹងកេតដល់ឆ្នាំ ២០២៦៕