Skip to content
    ទំព័រដើម  »  កីឡាជាតិ

ក្រុមខ្លាំងទាំង៦ត្រៀមប្រជែងបន្តដំណាក់កាលទី ២ក្នុងពានហ្វូតសាល RITHY JESDA

ក្រោយប្រកួតប្រជែងគ្នាមករយៈពេល ៣សប្តាហ៍យ៉ាងសកម្មក្នុងដំណាក់កាលទី១ ទាំង១២ក្រុមចូលរួមក្នុងពានរង្វាន់ហ្វូតសាល RITHY JESDA U25 ដែលចាប់ដំណើរការកាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៤ មក, នៅទីបំផុតបានរកឃើញក្រុមទាំង៦ មានដូចជាក្រុម DIG FC, New Life FC, C-Light Futsal Club, សណ្តែកដី FT, Avatar FT និងក្រុម Lucky FT ដែលនឹងបន្តយុទ្ធនាការប្រកួតគ្នាសម្រាប់ដំណាក់កាលទី២។

សម្រាប់ដំណាក់កាលទី២ ដែលនៅសល់ត្រឹម ៦ក្រុមនោះត្រូវប្រកួតគ្នាវិលជុំសន្សំពិន្ទុជាបន្តក្នុងរយៈពេល ៥សប្តាហ៍ ដើម្បីស្វែងរកក្រុមដែលមានពិន្ទុខ្ពស់ទាំង ៤ចុងក្រោយ ក្នុងការមានឱកាសឆ្លងចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ជាមួយគ្នាដែរ តាមការបញ្ជាក់ពីអ្នករៀបចំកម្មវិធី RITHY JESDA U25 គេប្រើប្រាស់រូបមន្ត ក្រុមដែលមានពិន្ទុខ្ពស់ជាងគេក្នុងចំណោមក្រុមទាំង ៤នោះមានសិទ្ធិទៅឈរចាំក្នុងវគ្គផ្តាច់ព្រ័ត្រតែម្តង ចំពោះក្រុមដែលមានពិន្ទុខ្ពស់លំដាប់ទី ២ត្រូវឈរចាំក្រុមឈ្នះមួយរវាងក្រុមមានលំដាប់ពិន្ទុទី ៣ និងទី៤ សម្រាប់បន្តចូលក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថ្ងៃ អាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០២៤។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងត្រូវប្រព្រឹត្តឡើងនៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៥:៣០ នាទី រវាងក្រុមលេខមួយប្រចាំពូល និងក្រុមដែលឈ្នះក្នុងវគ្គ Semi-Final ដើម្បីប្រកួតគ្នាដណ្តើមជើងឯកពានរង្វាន់ហ្វូតសាល RITHY JESDA U25 រដូវកាលទី១ អមដោយប្រាក់រង្វាន់ ១០លានរៀល។

ការប្រកួតដំណាក់កាលទី ២បានបញ្ចប់ទៅមួយសប្តាហ៍មកហើយកាលពីចុងសប្តាហ៍កន្លងទៅនេះ ដោយគូបើកឆាកដំបូងក្រុម Lucky FT​ បានយកឈ្នះ ៤ទល់នឹង ២ លើក្រុម C-Light Futsal Club, ក្រុម សណ្តែកដី FT រងបរាជ័យក្រុមខ្លាំង DIG FC ក្នុងលទ្ធផល ១២ ទល់នឹង ៣ និងការប្រកួតចុងក្រោយនៃសប្តាហ៍ទី១ ក្រុម​ Avatar FT បានក្រសោបបីពិន្ទុពីក្រុម New Life FC ក្នុងលទ្ធផល ៩ – ៤ ផងដែរ៕