យុវជន សួន សុភ័ក្ត្រា អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៦ឆ្នាំក្នុងពានរង្វាន់ AFF U16 បានប្រាប់ពីភាពខុសគ្នារវាងការលេងតារាងធំ និងតារាងហ្វូតសាលថា បាល់ទាត់ហ្វូតសាលមានភាពងាយស្រួលលេងជាងបាល់តារាងធំ។ ដោយរូបគេសង្កត់ធ្ងន់ថាគ្រប់កីឡាករទាំងអស់មិនទាមទារឱ្យមានការប្រកួតប្រជែងខ្លាំងពេកដូចជាការលេង ១១នាក់នោះឡើយ។
ម្ចាស់អាវលេខ ១០ប្រចាំក្រុមហ្វូតសាល DIG FC ដដែលក៏បានសារភាពថា ក្រោយពេលផ្លាស់ប្តូរមកលេងលើតារាងហ្វូតសាលដំបូងៗក៏មិនមែនស្និទ្ធស្នាលក្នុងការលេងតែម្តងនោះទេ តែមកពីទទួលបានការណែនាំពីរួមក្រុមទើបរូបគេអាចសម្របខ្លួនបាន។ ទន្ទឹមគ្នាដែរ យុវជនវ័យ ២៤ឆ្នាំនេះក៏មានកូនចិត្តចង់ក្លាយជាកីឡាករម្នាក់ក្នុងក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាផងដែរ បើឱកាសហុចឱ្យក្នុងថ្ងៃខាងមុខ។
និយាយទៅហ្វូតសាលយើងទាមទារទីមួយកាយសម្បទា ទីពីរកម្លាំង ទីបីគឺបច្ចេកទេសផ្ទាល់ខ្លួន មានបីហ្នឹងយើងអាចលេងបានហើយ។
សូមបញ្ជាក់ថា សួន សុភ័ក្ត្រា ចាប់ផ្តើមអាជីពបាល់ទាត់ដំបូងជាកីឡាករក្រុម រដ្ឋលេខាធិការអាកាសចរស៊ីវិល, រួចក៏បានមកចូលរួមជាមួយសាលាបាល់ទាត់ជាតិបាទី, ក៏បន្តជាយុវជនក្លឹបបឹងកេត និងបច្ចុប្បន្នរូបគេកំពុងតែលេងឱ្យក្រុម DIG FC ដែលជាក្រុមហ្វូតសាលខ្លាំងមួយក្នុងចំណោមក្រុមហ្វូតសាលខ្លាំងៗប្រចាំប្រទេសកម្ពុជាផងដែរ៕