ការអភិវឌ្ឍធនធានយុវជនថ្នាល គឺជាការងារចម្បងរបស់ឯកឧត្តម ឡាំង អូណា ក្នុងនាមជា ប្រធានថ្មីនៃសហព័ន្ធកីឡាឡើងភ្នំកម្ពុជាសម្រាប់អាណត្តិទី៤ ឆ្នាំ២០២៤/២០២៨ជំនួសលោក ម៉ម សុថារិន្ទ។
ថ្នាក់ដឹកនាំខាងលើលើកឡើងបែបនេះក្នុងកិច្ចសម្ភាសក្រោយចប់មហាសន្និបាតនារសៀលថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០២៤ នាសាលប្រជុំសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ។
ជាមួយគ្នានេះដែរ លោក ម៉ម សុថារិន្ទ ជាប្រធានសហព័ន្ធអាណត្តិទី៣ បានបង្ហាញនូវសមិទ្ធផលជាច្រើន ទាំងការកសាងធនធាន និងការចូលរួមការប្រកួតនានាទាំងក្នុង និងក្រៅស្រុក។ លោករំពឹងថា ឯកឧត្ដម ឡាំង អូណា ដែលជាប្រធានថ្មី វ័យក្មេង ប្រកបដោយសក្ដានុពល នឹងអាចបន្តអភិវឌ្ឍកាន់តែរីកចម្រើនទៅមុខថែមទៀត។
សម្រាប់ថ្នាក់គ្រប់គ្រងសហព័ន្ធកីឡាឡើងភ្នំកម្ពុជាមានសរុបទាំងអស់២៥រូប ដែលក្នុងនោះមានប្រធានសហព័ន្ធមួយរូប, អនុប្រធាន៦រូប, អគ្គលេខាធិការមួយរូបអមដោយអគ្គលេខាធិការរង៤រូប, អគ្គហេរញ្ញិក១រូប អមដោយអគ្គហេរញ្ញិករង៣រូប និងសមាជិក៩រូប៕