Skip to content
    ទំព័រដើម  »  កីឡាជាតិ

ផ្ដើមពីអ្នកលេងក្រៅម៉ោងការងារ កែវ រ៉ាវី មិននឹកស្មានអាចឈ្នះមេដាយប៊ីយ៉ាជើងឯកថ្នាក់ជាតិ

ម្ចាស់មេដាយមាសកីឡាប៊៊ីយ៉ាថ្នាក់ជាតិ ឆ្នាំ២០២៣ កែវ រ៉ាវី រំឭកថា ការឈានជើងចូលកីឡាប្រភេទនេះយ៉ាងស៊ីជម្រៅដូចសព្វ ដោយសារតែមានការលើកទឹកចិត្តពីអ្នកជុំវិញ ជាពិសេសពីសមាជិកក្លិបដែលរូបគេទៅលេងជាប្រចាំ។

បុរសមានកំណើតនៅរាជធានីភ្នំពេញថ្លែងថា ដំបូងឡើយរូបគេចូលចិត្តប៊ីយ៉ានៅពេលទំនេរពីការងារដើម្បីលំហែអារម្មណ៍ជាមួយមិត្តភក្ដិ។ តែយូរទៅៗសមត្ថភាពចេះតែកើនឡើង ពោលឈ្នះអ្នកខ្លាំងៗផ្សេងទៀតយ៉ាងច្រើន គេក៏ត្រូវបានម្ចាស់ក្លិប និងអ្នកលេងដូចគ្នាលើកទឹកចិត្តឱ្យចូលហ្វឹកហាត់ជាផ្លូវការពីពាក់កណ្ដាលឆ្នាំ២០១៩មក។ ចំណែកក្រុមគ្រួសារក៏មិនបានជំទាស់ដែរ តែសូមត្រឹមតែកុំជ្រុលហួសប៉ះពាល់ដល់ការងារ។ ដល់ឆ្នាំ២០២២ដែលជាការប្រកួតថ្នាក់ជាតិលើកដំបូងសម្រាប់រូបគេ រ៉ាវី ទទួលបានចំណាត់ថ្នាក់លេខ៣ វិញ្ញាសាជាក្រុម។ យ៉ាងណា នេះគ្រាន់តែការបោះជំហានដំបូងដើម្បីបោះពិសោធប៉ុណ្ណោះ។

ទាក់ទងទៅនឹងការឈ្នះរៀមច្បង ម៉ែន សុផានិត ក្នុងវគ្គផ្ដាច់ព្រ័ត្រវិញ កែវ រ៉ាវី អះអាងថា ក៏ដោយសារតែសំណាង ព្រោះគូប្រជែងដែលជាម្ចាស់មេដាយមាសស៊ីហ្គេម២០២៣ប្រើក្បាច់ចង់កេងគ្រាប់ តែខកបំណង ដោយគ្រាប់ខ្មៅនៅត្រឹមមាត់ឡូ។ គេក៏ឆក់ឱកាសបុកផ្ដាច់យកឈ្នះតែម្ដង។

ជុំវិញឱកាសនៃការជាប់ជម្រើសជាតិវិញ បុគ្គលិកក្រុមហ៊ុនឯកជនដដែលសង្កត់ធ្ងន់ថា នឹងប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀតដើម្បីកើនសមត្ថភាព ឈានទៅប្រជែងលទ្ធផលល្អជូនជាតិ៕