អ្នកស្រី ធួក គីម ម្ដាយកីឡាការិនី វ៉ិត ចន្ថា ម្ចាស់មេដាយមាសអត្តពលកម្មអាស៊ានប៉ារ៉ាហ្គេម ២០២៣ អះអាងថា ការប្រលូកចូលវិស័យកីឡារបស់កូនស្រីខ្លួន បានកែប្រែជីវភាពគ្រួសារពីធ្លាប់តែរកអង្ករច្រកឆ្នាំង សឹងតែគ្មាន រហូតអាចមានផ្ទះសម្បែងរស់នៅសមរម្យ អាហារហូបចុកគ្រប់គ្រាន់។
ក្រលេកទៅកាន់អតីតកាល ស្ត្រីវ័យ៦៤ឆ្នាំរំឭកថា ធ្លាប់ស៊ីឈ្នួលគេជាច្រើនប្រភេទការងារ ទាំងស្រែចម្ការ និងឡអិដ្ឋដើម្បីបានចិញ្ចឹមក្រពះ ហើយកូនៗរបស់អ្នកស្រីក៏បានចេញជួយរកប្រាក់តាំងពីក្មេងៗដែរ។
កីឡាការិនី វ៉ិត ចន្ថា បានចូលហ្វឹកហាត់កីឡាអត្តពលកម្មជនមានពិការភាពអំឡុងឆ្នាំ២០១៤ ហើយឆ្នាំ២០១៥ បានចាប់ដៃគ្នាជាមួយលោក ប៊ុន ហុង ចូលរោងការ។ ចាប់តាំងពីនោះ អ្នកទាំងបានចាប់គ្នាចូលរោងការ និងបន្តការខិតខំប្រឹងប្រែងហ្វឹកហាត់រហូតបានជោគជ័យជាហូរហែនាពេលកន្លងមក។
កីឡាការិនី វ៉ិត ចន្ថា មានបញ្ហាពិការភាពត្រង់ជើងតាំងពីអាយ១២ឆ្នាំម្ល៉េះ ដែលកាលណោះបានទៅជួយការងារម្ដាយជាកម្មករឡអិដ្ឋ។ ជាអកុសលជើងរបស់កីឡាការិនីរូបនេះបានរអិលចូលម៉ាស៊ីន៕