យុវជន គង់ រតនៈ ជាកីឡាករជម្រើសជាតិកម្ពុជាបង្ហាត់ជិះសេះបង្ហាញមហិច្ឆតារួមចំណែកជាផ្នែកមួយក្នុងការផ្សព្វផ្សាយកីឡាមិនសូវពេញនិយមនៅកម្ពុជាមួយនេះឱ្យមានសកម្មភាពផុសផុលដូចប្រទេសអភិវឌ្ឍន៍មួយចំនួនដែរ។ កីឡាករជម្រើសជាតិសេះវ័យ១៧ឆ្នាំខាងលើ ទទួលស្គាល់ថាកីឡានេះមិនសូវពេញនិយមពិតមែន តែគេមិនស្ទាក់ស្ទើរ ឬដកចិត្តចេញពីកីឡាសេះនេះឡើយ។
ដោយសារតែមើលឃើញនៅស្រុកខ្មែរអត់សូវឃើញមានអ្នកស្គាល់ អ្នកដឹងពីកីឡាហ្នឹងច្រើន ក្នុងនាមខ្ញុំជាកីឡាករម្នាក់ខ្ញុំចង់ជំរុញឱ្យកីឡាជិះសេះនៅខ្មែរមានការរីកចម្រើនដូចនៅអ៊ឺរ៉ុប។
កីឡាករមានទីលំនៅក្នុងរាជធានីភ្នំពេញរូបនេះបានលើកឡើងពីចំណុចខុសប្លែករបស់កីឡាសេះថាទាមទារឱ្យអ្នកជិះមានទំនាក់ទំនងល្អជាមួយសេះ និងក៏ជាប្រភេទកីឡាដែល អាចជួយបន្ធូរភាពតានតឹងបានល្អប្រសើរដែរ។
កីឡាករ គង់ រតនៈ ចូលរួមជាមួយកីឡាជិះសេះនេះបានរយៈពេលប្រាំឆ្នាំមកហើយ និងក៏ជាធនធានរបស់សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះសម្រាប់ដណ្តើមមេដាយផ្សេងៗ។ សម្រាប់មេដាយធំដែលគេទទួលបាននោះគឺមេដាយមាសក្នុងកម្មវិធី FEI SEA YOUTH CUP 2023 នៅប្រទេសថៃកាលពីឆ្នាំមុន៕