លោក Tommy Kim ទីប្រឹក្សាប្រចាំស្ថានីយទូរទស្សន៍ថោនប្រាប់មកកាន់ AMS Sports ថាការនាំកីឡាករ ម៉ឺន មេឃា ចេញទៅប្រកួតនៅប្រទេសចិនលើកនេះគឺជាការបោះជំហានទីមួយនៃជំហានទី១០០ ក្នុងការផ្សព្វផ្សាយក្បាច់គុនរបស់កម្ពុជាឱ្យមានភាពល្បីសុសសាយបន្ថែមទៀត។ លើសពីនេះអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជាដដែលនេះសង្កត់ធ្ងន់ថាគឺជាសញ្ញាណវិជ្ជមានសម្រាប់ទីផ្សារកីឡាករគុនខ្មែរក្នុងការចេញទៅប្រកួតនៅក្រៅប្រទេសជាបន្តបន្ទាប់។
កីឡាករគុនខ្មែរ ម៉ឺន មេឃា នឹងត្រូវចេញទៅប្រកួតនៅប្រទេសចិនលក្ខណៈឃីកបុកស៊ីងតទល់នឹងម្ចាស់ផ្ទះចិន ហ្វាង គឺជីង ក្នុងកម្មវិធី CHINA KICKBOXING PREMIERE LEAGUE ។ ការប្រកួតធ្វើឡើងនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ មានផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV នៅលើហ្វេសប៊ុកផេក TOWN FULL HDTV ផងដែរ៕