Skip to content
    ទំព័រដើម  »  កីឡាជាតិ

កុមារា លឿម ពន្លក បានបទពិសោធថ្មីប្លែកក្នុងជីវិតពីកីឡាឡើងភ្នំ

កុមារា លឿម ពន្លក សមាជិកក្រុមកីឡាឡើងភ្នំ Chiko Family Boulder បាននិយាយក្រោយខ្លួនស្គាល់ និងចូលហ្វឹកហាត់ក្នុងកីឡាមួយនេះបានជាង៧ឆ្នាំមក រូបគេថាដូចជាសំណាងមួយសម្រាប់ខ្លួនអាចមានលទ្ធភាពលេងប្រភេទកីឡាមួយថ្មីដែលពុំបានស្គាល់កន្លងមក។ ជាក់ស្តើងម្ចាស់ក្លឹប Chiko អ្នកស្រី Chigusa Tanaka ក្រៅតែពីការបង្ហាត់បង្រៀននៅក្បូនច្បាប់របស់កីឡាឡើងភ្នំ ពន្លក ថាក៏មានជាការឧបត្ថម្ភនៅសម្ភារប្រើប្រាស់មួយចំនួន និងការទំនុកបម្រុងការសិក្សាខ្លះផងដែរ។

កុមារាមានមូលដ្ឋានក្នុងខេត្តសៀមរាបដដែលបន្ថែមថាកីឡាឡើងភ្នំធ្វើឱ្យគេបានស្គាល់មិត្តភក្តិថ្មីៗ បានធ្វើដំណើរទៅកន្លែងថ្មីៗតាមរយៈការប្រកួតផ្សេងៗ និងពិសេសទៀតនោះគឺបានជួយសុខភាពរបស់គេឱ្យកាន់តែមាំមួន និងបង្កើនស្មារតីកាន់តែល្អផងដែរ។លើសពីនេះ កុមារាអាយុ ១២ឆ្នាំខាងលើក៏បង្ហាញមហិច្ឆតាចង់ក្លាយជាកីឡាករជម្រើសជាតិកីឡាឡើងភ្នំមួយរូបក្នុងពេលអនាគតផងដែរ។

លឿម ពន្លក សម្រាប់ការប្រកួតកីឡាឡើងភ្នំជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៤ នេះរូបគេធ្វើបានល្អ ដោយឈ្នះមេដាយ ២គ្រឿង មាស ១ និងប្រាក់ ១ពី ២ប្រភេទវិញ្ញាសា៕