Skip to content
    ទំព័រដើម  »  កីឡាជាតិ

ធន់ សាក់ស៊ីន ចង់វ៉ៃផ្តាច់គូប្រកួតតែម្តង ដើម្បីរក្សាកំណត់ត្រាមិនទាន់ចាញ់ការប្រកួតអន្តរជាតិជាង១០លើកចុងក្រោយ

មួយរយៈពេលចុងក្រោយនេះកូនសិស្សលោកគ្រូ ធន់ សុភា ហាក់មានទីផ្សារច្រើន ក្នុងនោះផងដែរ កីឡាករ ធន់ សាក់ស៊ីន ក៏ក្រសោបបានឱកាសវ៉ៃគូអន្តរជាតិញឹកញាប់ ស្របជាមួយលទ្ធផលគប់ប្រសើរទៀតផង។ សម្រាប់ការប្រកួតដំបូងក្រោយចូលឆ្នាំប្រពៃណីខ្មែររួចនេះ អ្នកប្រយុទ្ធគុនខ្មែរទម្ងន់ ៥៤ គីឡូក្រាមដដែល ថាបើអាចចង់ផ្តាច់ដៃគូប្រកួតខ្លួនតែម្តង ដើម្បីការពារកំណត់ត្រាមិនទាន់ស្គាល់បរាជ័យក្នុងការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិកន្លងមកនេះ។

កីឡាករមានប្រភពពីខេត្តបាត់ដំបងនេះ បន្ថែមថាត្បិតមិនទាន់ស្គាល់សមាសភាពគូប្រកួតច្បាស់ តែយ៉ាងណាគេបានត្រៀមខ្លួនមកជានិច្ច ពិសេសគេមានជំនឿចិត្តលើកណ្តាប់ដៃដែលជាស្នៀតសម្លាប់របស់គេ។

ធន់ សាក់ស៊ីន កំពុងធ្វើបានយ៉ាងល្អសម្រាប់ការប្រកួតលក្ខណៈអន្តរជាតិកន្លងមកនេះ ពោលប៉ះអន្តរជាតិប្រមាណ ១០ប្រកួតចុងក្រោយនេះមិនទាន់ចាញ់នៅឡើយទេ។ សម្រាប់ការប្រកួតចុងក្រោយ សាក់ស៊ីន បានផ្គួលកីឡាករថៃ វៃថប់ ឱ្យសន្លប់ក្នុងទឹកទី២៕