Skip to content
    ទំព័រដើម  »  កីឡាជាតិ

តាំងពីរត់ជាប់លាប់ អ្នកស្រី ហួត សុផារី វ័យ៥៦ឆ្នាំ មានសុខភាពល្អមិនដែលឈឺ សូម្បីតែកូវីដក៏មិនដែលឆ្លង

អ្នកស្រី ហួត សុផារី មានលំនៅនៅម្ដុំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានចាប់កីឡារត់ជាលក្ខណៈសុខភាព ៣-៤គីឡូម៉ែត្រ ក្បែរៗផ្ទះជាមួយគ្រួសារ ជាមួយអ្នកជិតខាង រយៈពេល៤-៥ឆ្នាំមកហើយ ហើយបានកត់សម្គាល់ថា សុខភាពរបស់អ្នកស្រីល្អរឹងមាំជាងមុន មិនងាយឈឺ។ ជាក់ស្ដែង​ អំឡុងកូវីដ១៩កន្លងទៅ អ្នកស្រីក៏មិនដែលស្គាល់ពាក្យថា ឆ្លងម្ដងណាដែរ។

ស្ត្រីមេផ្ទះដដែលបន្ថែមថា ការរត់ក៏ជួយដល់រូបរាងរបស់អ្នកស្រីដែរ ដោយមុនរត់ អ្នកស្រីមានទម្ងន់ជាង៥០គីឡូក្រាម​ តែបច្ចុប្បន្នត្រឹមតែ៤៧-៤៨គីឡូក្រាមប៉ុណ្ណោះ។

ស្ត្រីវ័យ៥៦ឆ្នាំខាងលើបានចូលរួមការរត់លក្ខណៈប្រកួតជាលើកដំបូងកាលថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០២៤ ក្នុងព្រឹត្តិការណ៍ KKRC London Marathon 2024។ អ្នកស្រីអះអាងថា ការចូលរួមប្រកួតលើកដំបូងនេះពិតជាសប្បាយ ព្រោះបានជួបជុំគ្នា ទទួលបានបទពិសោធថ្មីៗ។ អ្នកស្រីរំពឹងថា នឹងបានចូលរួមការប្រកួតបែបនេះទៀត៕