ក្រុមបាល់ទាត់ជម្រើសជាតិព្រុយណេ, កម្ពុជា, ម៉ាកាវ, ម៉ុងហ្គោលី, ស្រីលង្កា និងទីម័រខាងកើត ដែលទទួលបានលទ្ធផលទាបជាងគេក្នុងវគ្គជម្រុះបឋម FIFA World Cup 2026 តំបន់អាស៊ី ត្រូវបានបែងចែកចូលក្រឡរៀងៗខ្លួនហើយសម្រាប់ដំណាក់កាល play-off យកកៅអីទៅទៅជុំទី១វគ្គជម្រុះ AFC Asian Cup 2027។
សម្រាប់ក្រឡទី១ មានកម្ពុជា (ចំណាត់ថ្នាក់ FIFA ១៧៩), ម៉ាកាវ (ចំណាត់ថ្នាក់ FIFA ១៨៦), ម៉ុងហ្គោលី (ចំណាត់ថ្នាក់ FIFA ១៩១)។
សម្រាប់ក្រឡទី២ មាន ព្រុយណេ (ចំណាត់ថ្នាក់ FIFA ១៩៤), ទីម័រខាងកើត (ចំណាត់ថ្នាក់ FIFA ១៩៨), ស្រីលង្កា (ចំណាត់ថ្នាក់ FIFA ២០៤)។
ការចាប់ពូលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០២៤។ ចំណែកវគ្គជម្រុះនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែកញ្ញា សម្រាប់ជើងទី១ និងថ្ងៃទី១០ ខែកញ្ញា សម្រាប់ជុំទី២។ ក្រុមនៅក្រឡទី២នឹងធ្វើម្ចាស់ជើងទី១ និងក្រឡទី១ ធ្វើម្ចាស់ផ្ទះជើងទី២។
ក្រុមឈ្នះចំនួន៣នឹងចូលរួមជាមួយក្រុមជម្រើសជាតិប៊ូតាន់, ម៉ាល់ឌីវ និងឡាវ ជាក្រុមចាញ់ដែលបានចំណាត់ថ្នាក់ល្អក្នុងវគ្គជម្រុះបឋម បូករួមទាំងក្រុមចំនួន១៨ទៀតដែលជាក្រុមលេខ៣ និងក្រុមលេខ៤តាមពូលទាំង៩ ក្នុងវគ្គជម្រុះ FIFA World Cup ជុំទី២ ប្រចាំតំបន់អាស៊ី។ ដូច្នេះសរុបទាំងអស់មាន២៤ក្រុម ត្រូវប្រកួត AFC Asian Cup 2027 វគ្គជម្រុះជុំទី៣ ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ក្នុងរូបមន្ត ក្នុង និងក្រៅដី ដែលមាន៦ពូល និងមួយពូលមាន៤ក្រុម។
ក្រុមលេខ១ពីពូលទាំង៦នៃវគ្គជម្រុះជុំទី៣ នឹងចូលរួមព្រឹត្តិការណ៍ធំក្នុងឆ្នាំ២០២៧ នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលមាន ១៨ក្រុមផ្សេងទៀត គឺក្រុមលេខ១ និងលេខ២ តាមពូលទាំង៩ ពីវគ្គជម្រុះ FIFA World Cup ជុំទី២ រង់ចាំរួចជាស្រេច៕