Skip to content
    ទំព័រដើម  »  កីឡាជាតិ

បាល់ទាត់ Soccer League ជាទីតាំងបញ្ចេញសមត្ថភាព និងបំផុសចលនាសាមគ្គីភាព

គណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទាត់ Soccer League បានរៀបចំពិធីចាប់ពូលសម្រាប់រដូវកាល២០២៤ នារសៀលថ្ងៃសៅរ៍ ទី០១ ខែមិថុនា ឆ្នាំ២០២៤ នាអគារ the Kampus។
ឯកឧត្ដម ខៀវ ភារិទ្ធ ប្រធានគណៈកម្មការប្រតិបត្តិ Soccer League មានប្រសាសន៍ថា ការប្រកួតនេះមិនត្រឹមជាវេទិកាផ្តល់ឱកាសដល់កីឡាករ កីឡាការិនីគ្រប់រូប មកពីគ្រប់ស្ថាប័នរដ្ឋ និងឯកជនជុំវិញរាជធានី-ខេត្ត ដើម្បីមានឱកាសបញ្ចេញសមត្ថភាពនៅលើទីលានប្រកបដោយតម្លាភាពនោះទេ តែក៏ជាព្រឹត្តិការណ៍មួយដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការបំផុសចលនាសាមគ្គីភាព រឹតចំណងមិត្តភាពរបស់យុវជននៅទូទាំងប្រទេស ជាពិសេសដើម្បីបង្កើតធនធានមនុស្សក្នុងវិស័យកីឡាបាល់ទាត់នៅកម្ពុជា ឱ្យកាន់តែមានភាពរីកចម្រើននិងរឹងមាំ ដើម្បីជាថ្នាលឆ្ពោះទៅកាន់ថ្នាក់ជាតិ និងអន្តរជាតិ ក្រោមពាក្យស្លោកមួយគឺ ស្មារតីសាមគ្គីភាព។

ឯកឧត្ដម ខៀវ ភារិទ្ធ បានផ្ដាំផ្ញើកីឡាករ កីឡាការិនីត្រូវខិតខំបញ្ចេញសមត្ថភាព ព្រោះអាចទទួលបានចំណាប់អារម្មណ៍ពីក្លឹបអាជីព និងសូមប្រកួតប្រកបដោយ Fair Play។

ជាមួយគ្នានេះ អ្នកឧកញ៉ា លាង ម៉េង ប្រធានក្រុមហ៊ុន ខ្មែរប៊ីវើរេចជីស បានបង្ហាញការប្ដេជ្ញាចូលរួមជួយជ្រោមជ្រែងដល់ព្រឹត្តិការណ៍ Soccer League កាន់តែយូរអង្វែង ព្រោះជាការចូលរួមដ៏សំខាន់ក្នុងសង្គម។ អ្នកឧកញ៉ាក៏បានឧបត្ថម្ភបន្ថែមនូវទឹកប្រាក់៥ម៉ឺនដុល្លារអាមេរិកដល់កម្មវិធីមនុស្សធម៌ ខណៈលោកឧកញ៉ា សុខ ហុង ក៏បានឧបត្ថម្ភទឹកប្រាក់១ម៉ឺនដុល្លារផងដែរ។

ការប្រកួតបាល់ទាត់ SOCCER LEAGUE មានក្រុមចូលរួមប្រកួតសរុបចំនួន ៦១ក្រុម ក្នុងនោះ ក្រុម
បុរសមានចំនួន ៤៨ក្រុម និងក្រុមនារីមានចំនួន ១៣ក្រុម។ ការចែកពូលរបស់ក្រុមបុរស គឺត្រូវបានបែងចែកចេញជា ១៦ពូល ចាប់ពីពូល A ដល់ពូល P ដែលមួយពូលមាន ៣ក្រុម។ ចំណែកការចែកពូលខាងនារីវិញ ត្រូវបានបែងចែកចេញជា ៤ពូល គឺ A, B, C, និងD។ ការប្រកួតផ្នែកបុរស និងផ្នែកនារីនេះ ត្រូវបានធ្វើឡើងដំណើរគ្នាចាប់ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះតទៅ នៅទីលានវិទ្យាល័យបឹងត្របែក, ទីលានសាលកវិទ្យាល័យអាម៉េរិកកាំងភ្នំពេញ (AUPP), ទីលានវិទ្យាស្ថានជាតិ អប់រំកាយ និងកីឡា (NIPEC), កីឡដ្ឋានភ្នំពេញក្រោន (RSN), កីឡដ្ឋាន ISI ដង្កោសែនជ័យ និងពហុកីឡដ្ឋានជាតិអូឡាំពិក ។
ដើម្បីស្វែងរកមូលនិធិជួយដល់កុមារកម្ពុជា គណៈកម្មការរៀបចំការប្រកួត នឹងរៀបចំកម្មវិធីប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌រវាងក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ និងក្រុមផ្ការីកគ្រប់រដូវ នាយពាក់មី ក្រោមមូលបទ “បេះដូងអ្នកកីឡា ដើម្បីកុមារកម្ពុជា” ក្នុងពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៧ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទីល្ងាច នៅពហុកីឡដ្ឋានជាតិអូឡាំពិក។