Skip to content
    ទំព័រដើម  »  កីឡាជាតិ

គោលបំណងការប្រកួតបាល់ទាត់កុមារហ្វីលីពីននិងកម្ពុជា គឺក្នុងន័យបង្កើនចំណងមិត្តភាពរវាងប្រទេសទាំងពីរ

ក្រុមហ៊ុន Green-G8 បានពាំនាំក្រុមកីឡាករនិងគ្រូបង្វឹកសាលារៀន Central Philippine University Elementary Football Team និងដៃគូជាច្រើនទៀតបានរៀបចំកម្មវិធីប្រកួតបាល់ទាត់រវាងកុមារកម្ពុជានិងហ្វីលីពីនលើទឹកដីកម្ពុជា។ ក្នុងនោះលោក Jesse A Atienza នាយកនិងសហស្ថាបនិក Green-G8 ថ្លែងថាលោកពិតជាមានកិត្តិយសដែលបានរៀបចំការប្រកួតបាល់ទាត់មិត្តភាពរវាងកុមារកម្ពុជានិងហ្វីលីពីន ក្នុងគោលបំណងរឹតចំណងមិត្តភាព សាមគ្គីភាពរវាងប្រទេសទាំងពីរឱ្យកាន់តែភាពស្អិតរមួតជាងនេះទៀត។

ក្នុងកម្មវិធីការផ្លាស់ប្តូរវប្បធម៌រវាងហ្វីលីពីន និងកម្ពុជាដែលផ្សាភ្ជាប់តាមរយៈបាល់ទាត់ ដោយសារតែលោកមើលឃើញថាជាប្រភេទកីឡាដែលពេញនិយមមួយនៅកម្ពុជា។ លើសពីនេះ លោកសង្ឃឹមថាបន្ទាប់ពីបញ្ចប់កម្មវិធីនេះរួចរាល់ នាឆ្នាំក្រោយៗនឹងបន្តសកម្មភាពបាល់ទាត់រវាងប្រទេសទាំងពីរបែបនេះឱ្យកាន់តែផុសផុលជាងនេះទៅទៀត។

ជាមួយគ្នា លោក​ Rizel James​​​ D.Rafols ជាគ្រូបង្វឹកដឹកនាំក្រុមកីឡាករ Central Philippine University Elementary Football Team មកពីប្រទេសហ្វីលីពីន ថាមិនត្រឹមតែជាការរឹតចំណងមិត្តភាពសាមគ្គីភាពរវាងប្រទេសទាំងពីរទេ។ ក្នុងនោះក៏ជាឱកាសឱ្យក្មេងៗក្នុងក្រុមរបស់លោកបានចេញក្រៅប្រទេសតាមរយៈការលេងបាល់ទាត់ ផ្លាស់ប្តូរបរិយាកាសពីប្រទេសផ្សេងៗចឹងដែរ។ លោកបន្តថាសម្រាប់ឆ្នាំបន្ទាប់នឹងនាំយកក្រុមកីឡាករពីសាលារបស់គាត់មកកម្ពុជាឱ្យបានគ្រប់កម្រិតអាយុបន្ថែមទៀត និងក៏មានផែនការសហការបង្កើតកម្មវិធីបែបនេះជាមួយប្រទេសក្នុងតំបន់ដទៃៗទៀតដែរ។

ទន្ទឹមគ្នាដែរ ប្រធានសមាគមប្រជាជនហ្វីលីពីននៅកម្ពុជា ហៅកាត់ថា SAMAPI លោក​Eric Magno និងលោកស្រី Myra D Bangad នាយកសាលា Saint Jude Thaddeus International School of Phnom Penh សុទ្ធតែបង្ហាញភាពសប្បាយរីករាយដែលបានរួមចំណែកក្នុងកម្មវិធី Cultural Exchange ឆ្នាំ២០២៤នេះ។​

នេះជាលើកទីមួយដែលមានកម្មវិធី Cultural Exchange ឆ្នាំ២០២៤ ដែលធ្វើឡើងចាប់តាំងពី ៥ដល់១៣​ ខែមិថុនា ឆ្នាំ២០២៤ នៅបីទីតាំងរួមមានបន្ទាយមានជ័យ, សៀមរាប, និងរាជធានីភ្នំពេញ។ ក្នុងនោះសមាសភាពក្រុមដែលចូលរួមមាន Golden Lion, SVCAO (Samrong Village Community Austria Organization), Chey Village, Soksan Team, FBIS (Future Bright International School), Going Going Back Back, SRU (Siem Reap United), SRBC (Siem Reap Breathren Church), PSE និងសិស្សសាលារៀន Saint Jude Thaddeus។

គួររំឭកថា ក្រុមកីឡាករសាលា CPU ដែលអញ្ជើញមកពីហ្វីលីពីនចូលរួមកម្មវិធី Cultural Exchange សកម្មភាពសំខាន់ៗរួមមានការប្រកួតបាល់ទាត់មិត្តភាពជាមួយក្រុមកុមារនៅកម្ពុជា និងក៏មានការបង្ហាត់បង្ហាញពីមូលដ្ឋាននៃបាល់ទាត់ផងដែរ៕