លោក Mikel Arteta ត្រូវបានរាយការណ៍ថា ជិតក្លាយជាអ្នកចាត់ការបាល់ទាត់ម្នាក់ដែលកើបចំណូលបានច្រើនបំផុតក្នុងលីគកំពូលអង់គ្លេស Premier League នៅពេលដែលក្លិប Arsenal ផ្ដល់កិច្ចសន្យាថ្មីរយៈពេលបីឆ្នាំបន្ថែមសម្រាប់លោក។
យោងតាមប្រភពពីសារព័ត៌មានអង់គ្លេស The Sun បានរាយការណ៍ថា ក្លិបកាំភ្លើងធំ បានត្រៀមរួចរាល់ជាមួយនឹងការផ្ដល់កិច្ចសន្យាថ្មីដល់លោក Arteta នៅរដូវក្ដៅខាងមុខ ដោយសារក្លិបអង់គ្លេសមួយនេះ ពេញចិត្តចំពោះសមត្ថភាពដឹកនាំរបស់លោក ក្នុងការកសាងក្រុមឱ្យកាន់តែល្អប្រសើរពីមួយកម្រិតទៅមួយកម្រិត។
កុងត្រាបច្ចុប្បន្នរបស់បុរសជនជាតិអេស្ប៉ាញរូបនេះ នៅទឹកដី Emirates នឹងផុតសុពលភាពនៅរដូវក្ដៅឆ្នាំក្រោយ ស្របពេលចំណូលដែលលោកទទួលបាននាខណៈនេះ ហាក់មានគម្លាតឆ្ងាយពីអ្នកចាត់ការក្លិបធំៗដទៃផ្សេងទៀត។ លោក Arterta ត្រូវបានរាយការណ៍ថា ទទួលបានប្រហែល៥លានផោនក្នុងមួយឆ្នាំ ដែលជិត១/៤នៃកម្រៃដែលលោក Pep Guardiola ទទួលបានពីក្លិប Manchester City។
ប៉ុន្ដែប្រាក់បៀរវត្សរ៍ដែលត្រៀមផ្ដល់ឱ្យ ជាមួយនឹងកុងត្រារយៈពេល៣ឆ្នាំ អាចធ្វើឱ្យលោក Arteta អាចទទួលបានប្រាក់ឈ្នួលសរុបរហូតដល់ ២៥លានផោន ដែលកើនឡើងច្រើនជាងចំណូលរបស់លោកបច្ចុប្បន្នដល់ទៅ៦០ភាគរយ។
លោក Guardiola កំពុងឈរនៅកំពូលតារាងចំណាត់ថ្នាក់ អ្នកចាត់ការដែលរកចំណូលបានច្រើនបំផុតពោលគឺ ១៩លានផោន។ ទោះយ៉ាងណាក្ដី លោកស័ក្ដិសមទទួលបានកម្រៃដ៏ច្រើននេះ ក៏ព្រោះតែលោក បានដឹកនាំ Man City ឈ្នះ Premier League ៣លើកព្រមទាំងបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ UEFA Champions League រដូវកាលមុន។
អតីតអ្នកចាត់ការរបស់ Barcelona និង Bayern Munich រូបនេះ ក៏បានជួយឱ្យក្លិបមេឃខៀវឈ្នះ League Cup ៤លើក និង FA Cup ម្ដងផងដែរ។
រីឯអ្នកចាត់ការរបស់ Liverpool លោក Jurgen Klopp ឈរនៅលេខរៀងទី២ក្នុងបញ្ជីនេះ។ លោកបានកែប្រែ Liverpool ពីក្រុមកំដរលីគ មកជាក្រុមកំពូលមួយនៅអឺរ៉ុប ដោយបានជួយពួកគេឈ្នះ Champions League និង Premier League ក្នុងរយៈពេល៧ឆ្នាំដែលលោកដឹកនាំនៅ Anfield។
បច្ចុប្បន្ន លោក Arteta ស្ថិតនៅចំណាត់ថ្នាក់ពាក់កណ្ដាលតារាងនៃប្រាក់ខែខ្ពស់បំផុតនៃអ្នកចាត់ការក្លិបនៅ Premier League ដោយទទួលបាន៥លានផោន ប៉ុន្ដែជាមួយនឹងកុងត្រាថ្មីដែលត្រៀមស៊ីញ៉េ នឹងធ្វើឱ្យលោក រំកិលឡើងមកចំណាត់ថ្នាក់លេខ៥ ដោយតាមពីក្រោយកំពូលអ្នកចាត់ការទាំងពីររូបខាងលើ រួមជាមួយលោក Antonio Conte របស់ Tottenham Hotspur និងអ្នកចាត់ការ Brendan Rodgers របស់ Leicester City។
ប៉ុន្ដែអនាគតរបស់លោក Conte ជាមួយក្លិបមាន់ខ្នាយមាស ហាក់ប្រឈមនឹងភាពមិនច្បាស់លាស់ បន្ទាប់ពីបរាជ័យក្នុងការប្រកួតទល់នឹង Burnley កាលពីថ្មីៗនេះ។
ជារឿងដែលមិនអាចប្រកែកបាន ដែលថា Arsenal ពិតជាមានការវិវត្តល្អប្រសើរក្រោមការដឹកនាំដោយលោក Arteta ប៉ុន្ដែពួកគេនៅមិនទាន់ត្រូវបានចាត់ទុកថា ជាគូប្រជែងជាមួយ Manchester City, Liverpool និង Chelsea បាននៅឡើយ។
ក្រុមកាំភ្លើងធំ កំពុងឈរនៅចំណាត់ថ្នាក់លេខ៦ក្នុងតារាង Premeir League មានគម្លាតតាមពីក្រោយក្រុមលេខ៤ Man Utd ៤ពិន្ទុ ប៉ុន្ដែពួកគេនៅសល់៣ប្រកួតក្នុងដៃ៕