កាលពីពេលថ្មីៗនេះសហព័ន្ធកីឡាឡើងភ្នំកម្ពុជាបានធ្វើការតេស្តជ្រើសរើសយុវជនដើម្បីត្រៀមខ្លួនប្រកួត “កីឡាឡើងភ្នំពិភពលោក យុវជនអាយុក្រោម២០ឆ្នាំ” (IFSC Youth World Championships) ដោយជ្រើសរើសយុវជនចំនួន៤រូប ត្រៀមការប្រកួតនៅប្រទេសចិន នាខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។
ថ្លែងក្រោយបិទបញ្ជប់ការធ្វើតេស្ដជ្រើសរើសយុវជនទៅប្រកួតនៅប្រទេសចិន ឯកឧត្តម ឡាំង អូណា ប្រធានសហ័ន្ធកីឡាឡើងភ្នំកម្ពុជាបានឱ្យដឹងថា សម្រាប់ការចូលរួមតេស្ដមានយុវជនចូលរួមសរុប១៥នាក់ ដែលមកពី៤ក្លឹប ក្នុងនោះមកពីខេត្តសៀមរាប កំពត រាជធានីភ្នំពេញ ។ ដោយក្នុងចំណោមយុវជន១៥នាក់ សហព័ន្ធនឹងជ្រើសរើសកីឡាករ២រូប និង កីឡាការីនី២រូប ដើម្បីបន្តហ្វឹកហាត់ដើម្បីត្រៀមលក្ខណះក្នុងការប្រកួត (IFSC Youth World Championships) នៅខែសីហាខាងមុខនេះ។
ប្រធានសហព័ន្ធកីឡាឡើងភ្នំដដែលបន្តថា សម្រាប់គោលដៅក្នុងចូលរួមការប្រកួតពានរង្វាន់កម្រិតអន្តរជាតិ លោកចាត់ទុកជាការវាស់ស្ទង់កម្រិតសមត្ថភាពកីឡាករកម្ពុជា ដែលជាបទពិសោធន៍ល្អមួយ និងជាទុនល្អមួយសម្រាប់ត្រៀមខ្លួនក្នុងព្រឹត្តិការណ៏កីឡាអាស៊ីអាគ្នេយ៍លើកទី៣៣ នៅប្រទេសថៃ។
នេះជាលើកទី២ហើយ ដែលក្រុមកីឡាករឡើងភ្នំកម្ពុជាទៅប្រកួតពានរង្វាន់កម្រិតអន្តរជាតិ IFSC Youth World Championships ដោយលើកដំបូងបង្អស់ក្នុងឆ្នាំ២០២៣ នៅប្រទេសអ៊ីតាលី ក្នុងនោះមានកីឡាករ១ កីឡការិនី១រូបបានចូលរួម។
សម្រាប់ក្នុងឆ្នាំ២០២៤ ដែលរៀបចំឡើងនៅប្រទេសចិន ក្នុងនោះមានយុវជន៤រូបទៅចូលរួមមាន៖
១- កីឡាការិនី រិទ្ធ ម៉ាលីស្សា ប្រកួត ក្នុងក្រុមអាយុក្រោម ២០ឆ្នាំ មកពីក្លឹប power up (ភ្នំពេញ)
២- កីឡាការិនី អុីម វិននាថ ប្រកួត ក្នុង ក្រុម អាយុ ក្រោម ១៨ ឆ្នាំ មកពី ក្លឹប សាលាបង្ហាត់ឡើងភ្នំ ខេត្តសៀមរាប (siem reap climbing school)
៣-កីឡាករ នី ចលនា ប្រកួតក្នុងក្រុម អាយុ ១៨ ឆ្នាំ មកពីក្លឹប (Angkor climbers net ACN)សៀមរាប
៤- កីឡាករ ស្រុី វីរបុត្រ ប្រកួត ក្នុងក្រុម អាយុ ក្រោម ១៦ ឆ្នាំ មកពីក្លឹប (Angkor boulder gym )
សម្រាប់ដំណើរទៅកាន់ការប្រកួតនៅប្រទេចិន នឹងដឹងនាំដោយ លោក ស៊ឹម រ៉ន ដែលជាអនុប្រធានសហព័ន្ធកីឡាឡើងភ្នំកម្ពុជា និងជាគ្រូបង្វឹកផង។