Skip to content
    ទំព័រដើម  »  កីឡាជាតិ

មូលហេតុនេះហើយដែល Seito មិនជាប់យុវជន U16 កម្ពុជា

ប្រធានក្រុមយុវជនសៀមរាបអាយុក្រោម១៦ឆ្នាំ Ito Seito មិនបានជាប់បញ្ជីចុងក្រោយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៦ឆ្នាំដោយសារតែមិនទាន់មានសញ្ជាតិខ្មែរ។ នេះបើតាមការប្រាប់ពីលោក ប៊ួយ ដារី អគ្គលេខាធិការក្លឹបបាល់ទាត់សៀមរាបយូណាយធីត។

ថ្នាក់ដឹកនាំក្លឹបដដែលប្រាប់ថា ឪពុកម្ដាយរបស់ Seito បានមករស់នៅ និងធ្វើជំនួញនៅប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩៧ ហើយយុវជនខាងលើក៏មានកំណើតនៅទីនេះដែរ។ តែដោយសារមិនគិតថា កូនប្រុសមានទេពកោសល្យបាល់ទាត់ និងអាចឈានដល់ការជាប់ជម្រើសជាតិទៀតនោះ ទើបឪពុករបស់គេមិនបានស្នើសុំសញ្ជាតិខ្មែរ។ រាល់ថ្ងៃគេមានតែសញ្ជាតិជប៉ុន និងកាន់លិខិតឆ្លងដែនជប៉ុន។

លោក ប៊ួយ ដារី បញ្ជាក់ថា សៀមរាបយូណាយធីតកំពុងស្វះស្វែងតាមនីតិវិធីផ្សេងៗដើម្បីឈានដល់ការស្នើសុំសញ្ជាតិខ្មែរដល់យុវជន Ito Seito ព្រោះគេជាធនធានដ៏មានសក្ដានុពលមួយសម្រាប់កម្ពុជាក្នុងកម្រិតអាយុក្រោម១៦ឆ្នាំនាពេលបច្ចុប្បន្ន៕