ក្នុងចំណោមយុវជនជាង៥០០នាក់ដែលមកធ្វើតេស្តយុវជនអាយុក្រោម១៣ឆ្នាំរបស់ក្លឹបបាល់ទាត់បឹងកេតសង្កេតឃើញថាមានយុវជនខ្លះមានមាឌតូច ខ្លះមានកម្ពស់ទាបខ្ពស់ខុសៗពីគ្នាជាដើម។ ក្រុមការងារ AMS Sports បានសម្ភាសន៍យុវជន ណៃ ម៉ានុត ពាក់ព័ន្ធនិងភាពអំណោយផលកាយសម្បទាបាន ដោយគេបានបកស្រាយចំពោះករណីមានកម្ពស់ខ្ពស់បែបនេះក៏ព្រោះតែក្រុមគ្រួសារបានឱ្យរូបគេផឹកទឹកដោះគោប៉ូវឆ្អឹងកាលពីក្មេងៗ។
យុវជនកើតឆ្នាំ២០១១ដដែលបន្តថាកាលពីនៅតូចអ្នកផ្ទះផ្តល់ទឹកដោះគោឱ្យគេផឹកក៏ព្រោះតែឃើញការវិវឌ្ឍរបស់ ម៉ានុត មានភាពយឺតខុសពីក្មេងៗដទៃ។ យុវជនរស់ក្នុងសង្កាត់ព្រែកលៀបបន្ថែមថាគេចាប់អារម្មណ៍ការលូតលាស់កម្ពស់ប្លែកកំឡុងពេលមានអាយុ៨ឆ្នាំ។ តាមរយៈកាយសម្បទាខ្ពស់ធំ និងក៏ជាយុវជនឆ្លងកាត់ការសិក្សាអំពីបាល់ទាត់ទៀតនោះ ណៃ ម៉ានុត គេមានជំនឿចិត្តថាអាចជាប់ក្នុងការជ្រើសរើសរបស់ក្លឹបបឹងកេតដែលគេស្រឡាញ់មួយនេះ។
ណៃ ម៉ានុត ក៏មិនខុសពីក្មេងៗដែលមានអាយុក្រោម១៣ឆ្នាំឯទៀត រូបគេបានមកធ្វើតេស្តជ្រើសរើសយុវជនថ្នាលអាយុក្រោម១៣ឆ្នាំរបស់ក្លឹបបាល់ទាត់បឹងកេត ក៏ព្រោះតែស្រឡាញ់និងចង់សម្រេចគោលដៅជាកីឡាករបាល់ទាត់អាជីពនៅថ្ងៃអនាគត៕