ប្រិយមិត្តឧស្សាហ៍ជិះកាត់តាមបណ្តោយបរិវេណសួនមុខវត្តបទុមវតីតែងតែឃើញមានប្រជាពលរដ្ឋលេងកីឡាជាច្រើនប្រភេទក្នុងនោះមានទាំងវាយសី រាំ និងរត់ជាដើម។ សម្រាប់លោក សេង សុផល្លី ជាអ្នកចូលចិត្តលេងកីឡាទាត់សីដក់បានថាលោកចាប់អារម្មណ៍លេងកីឡានេះខ្លាំងកាលពីឆ្នាំ២០២២ ប៉ុន្តែកន្លងមកលោកធ្លាប់តែលេងសីដក់ប្រភេទជារង្វង់។ បុរសវ័យ៤២ឆ្នាំដដែលបន្តថាចាប់អារម្មណ៍លេងសីដក់បែបស្តង់ដារប្រកួតមានសំណាញ់ មានតារាងនេះក៏ព្រោះចំណុចពិសេសមួយគឺការហត់ផ្តាច់គ្រាប់សីដែលជាចំណូលចិត្តរបស់លោក។
ទន្ទឹមគ្នាដែរ បុរសមានមូលដ្ឋានក្នុងខណ្ឌដូនពេញខាងលើសារភាពថាដំបូងពេលចូលលេងសីដក់បែបតារាងនេះដំបូង លោកថាពិបាកនិងសម្របខ្លួនដែរ។ ប៉ុន្តែដោយសារតែចិត្តស្រឡាញ់ខ្លាំងលោក សុផល្លី តែងតែចំណាយពេលរាល់ល្ងាចៗស្វ័យហ្វឹកហាត់ ដើម្បីងាយស្រួលពេលលេងជុំជាមួយគេឯង។
សម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ចង់លេងសីដក់ ឬសីប៉ាក់តាក្របែបសុខភាពៗលោក សេង សុផល្លី និយាយថាក្រុមលោកបើកចិត្តស្វាគមន៍គ្រប់គ្នាទាំងអស់ឱ្យចូលរួម។ លើសពីនេះលោកក៏សំណូមពរឱ្យប្រជាពលរដ្ឋខ្មែរងាកមកចូលរួមលេងកីឡាទាំងអស់គ្នា ក្នុងន័យបញ្ចៀសជំងឺផ្សេងៗ។
លោក សេង សុផល្លី និងក្រុមសីដក់ប្រចាំសួនមុខវត្តបទុមវតីតែងតែជួបជុំគ្នារៀងរាល់ថ្ងៃតាំងពីម៉ោង៦កន្លះព្រឹក ដើម្បីលេងកម្សាន្តសប្បាយសុខភាពៗរយៈពេល១ទៅ២ម៉ោងជាប្រចាំ៕