លោក ទឹម វង្សរ៉ាវុធ ជាកីឡាករ eFootball-Console ដែលទើបតែឈ្នះពានរង្វាន់ E-Cambodian Premier League រដូវកាលទី២០២៣/២៤ បានរំឭកប្រវត្តិមុនចូលប្រឡូកកីឡានេះ ពីការមិនពេញចិត្តពីសំណាក់ក្រុមគ្រួសារគាំទ្រឱ្យលេងទេ។ កូនអ្នកភ្នំពេញដដែល បន្តថាដោយសារតែចិត្តស្រឡាញ់ពេលខ្លះលួចទៅលេងម្តងៗក្រោយពីបញ្ចប់ការសិក្សា។
ដោយពិបាកដកចិត្តពីហ្គេមបាល់ទាត់ទៅបាន និងកត្តាមានទេពកោសល្យទៀតនោះ កីឡាករវ័យ ៣២ឆ្នាំខាងលើពុះពារលេងរហូតទទួលបានការជំរុញពីគ្រួសាររហូតដល់ថ្នាក់លោកឪពុកថែមទាំងបានជូនផ្ទាល់ទៅចូលរួមប្រកួតនៅឯប្រទេសថៃ។
ក្នុងនាមជាអ្នកមានស្នាដៃមួយរូបក្នុងវិស័យ eFootball-Console នៅកម្ពុជា ទឹម វង្សរ៉ាវុធ បានលើកទឹកចិត្តឱ្យអ្នកចូលចិត្តកីឡាមួយនេះពិតប្រាកដព្យាយាមលេងលក្ខណៈអនឡាញឱ្យបានច្រើន ព្រោះជាជំនួយពង្រឹកសមត្ថភាពរបស់យើងកាន់តែកើនឡើង។
ទឹម វង្សរ៉ាវុធ ក្នុងនាមជាម្ចាស់ជើងឯក E-Cambodian Premier League រដូវកាលទី២០២៣/២៤ និងក៏ជាម្ចាស់ជើងឯកក្នុងការប្រកួតជម្រុះថ្នាក់ជាតិ រូបគេនឹង ទៅចូលរួមប្រកួតកីឡាអេឡិចត្រូនិក ជើងឯកពិភពលោក លើកទី១៦ ឆ្នាំ២០២៤ (IESF-International Esports Federation 16th World Esport Championship 2024) វិញ្ញាសា eFootball-Console នៅរាជធានីរីយ៉ាត ប្រទេសអារ៉ាប៊ីសាអ៊ូឌីត៕