ជាទូទៅ អត្តពលិកដែលមានឈ្មោះចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិក ត្រូវឆ្លងកាត់វគ្គជម្រុះប្រចាំទ្វីបជាមុនសិន។ តែក្នុងនោះ ប្រទេសដែលមិនមានអត្តពលិកជាប់វគ្គជម្រុះ ក៏អាចចូលរួមអូឡាំពិកបាន តាមរយៈសិទ្ធិអនុគ្រោះ ឬ (Wild Card) ដែលផ្ដល់ដល់ប្រទេសជាសមាជិកចលនាអូឡាំពិក។
ទាក់ទងទៅនឹងការទទួលបានសិទ្ធិអនុគ្រោះនេះ ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា កាលពីមុនៗ ការជ្រើសរើស គឺផ្អែកលើសហព័ន្ធអន្តរជាតិ។ ជាក់ស្ដែង ដូចជាប្រភេទកីឡាហែលទឹក គឺសហព័ន្ធកីឡាហែលទឹកអន្តរជាតិជាអ្នកពិនិត្យលើលក្ខណៈសម្បត្តិ បច្ចេកទេស ហើយសម្រេចថាតើកីឡាករ កីឡាការិនីណា ជាអ្នកចូលរួម។ បន្ទាប់មកឈ្មោះបេក្ខភាពត្រូវបានបញ្ជូនទៅគណៈកម្មការរៀបចំអូឡាំពិករបស់ម្ចាស់ផ្ទះ។