Skip to content
    ទំព័រដើម  »  កីឡាជាតិ

មុនបានផ្លែផ្កាដូចបច្ចុប្បន្ន គន្ធ វណ្ណនីតា ធ្លាប់យំរំអុកឪពុកម្ដាយចូលហាត់ប្រភេទកីឡាប្រយុទ្ធ

ម្ចាស់មេដាយប្រាក់យុទ្ធគុនចម្រុះជើងឯកអាស៊ី ឆ្នាំ២០២៤ គន្ធ វណ្ណនីតា រំឭកថា ដោយសារតែចង់ចេះកីឡាប្រយុទ្ធពេក នាងធ្លាប់យំរំអុកឪពុកម្ដាយចូលហ្វឹកហាត់ ទម្រាំតែលោកទាំង២ទន់ចិត្ត យល់ព្រម។

យុវតីមានកំណើតនៅរាជធានីភ្នំពេញអះអាងថា ចូលចិត្តតែកីឡាប្រយុទ្ធ ព្រោះអាចការពារខ្លួនឯងបានផង និងទទួលបានសុខភាពល្អ។ មិនតែប៉ុណ្ណោះ បានឃើញអ្នកផ្សេងឡើងទទួលមេដាយ ក៏ជាកម្លាំងចិត្តមួយជួយឱ្យនីតាប្រឹងប្រែងហ្វឹកហាត់។

គន្ធ វណ្ណនីតា ផ្ដើមការហ្វឹកហាត់កីឡាប្រយុទ្ធ ដោយការហាត់ការ៉ាតេ និងសូរិនហ្ស៊ីកាំប៉ូអំឡុងឆ្នាំ២០១៥ ហើយក៏ធ្លាប់បានឈ្នះមេដាយមាស និងមេដាយផ្សេងៗទៀតជាច្រើន។ កាលឆ្នាំ២០២៣ យុវតីវ័យ២០ឆ្នាំបានចូលប្រកួតបញ្ចសីឡាត់ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ហើយទទួលបានមេដាយសំរឹទ្ធមួយគ្រឿងទៀតផង។

និស្សិតផ្នែកទំនាក់ទំនងអន្តរជាតិដដែលអះអាងថា មូលហេតុចូលរួមព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី ព្រោះប្រភេទម្ងន់-៦៩គីឡូក្រាមរបស់នាងមិនមានច្រើន ហើយម្យ៉ាងចង់ចេះក្បាច់គុនថ្មីៗដែរ។ នាងថា គុនចម្រុះ ខុសពីក្បាច់គុនដែលនាងហ្វឹកហាត់មុនៗ ព្រោះ MMA ត្រូវចេះក្បាច់ឱ្យច្រើន ហើយសូម្បីតែដួលក៏អាចវាយបាន។

ទោះបានត្រឹមមេដាយប្រាក់ នីតា បញ្ជាក់ថា នឹងនៅតែចិញ្ចឹមចង់ប្រកួតម្ដងទៀតនាពេលខាងមុខ ហើយក៏ចង់ចេះក្បាច់គុនផ្សេងៗទៀតដែរ ដូចគុនខ្មែរជាដើម៕