Skip to content
    ទំព័រដើម  »  កីឡាជាតិ

ប្រទេសដែលជាឧបសគ្គសម្រាប់កម្ពុជាក្នុងការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី

កូរ៉េខាងជើង រុស្ស៊ី និងកាហ្សាក់ស្ថាន គឺជាឧបសគ្គដ៏ធំសម្រាប់កម្ពុជាក្នុងការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី ឆ្នាំ២០២៤ នៅប្រទេសឥណ្ឌា។ នេះបើតាមការលើកឡើងរបស់ឯកឧត្ដម កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា។

ឯកឧត្តម កែវ រ៉េមី មានប្រសាសន៍ថា “៖ យើងមើលឃើញថា កីឡាករមកពីប្រទេសខ្លាំងៗមួយចំនួនបានចូលរួមជាគូប្រជែងរបស់យើងមានដូចជាម្ចាស់ក្បាច់គុនដើម កូរ៉េខាងជើង រុស្ស៊ី និងកាហ្សាក់ស្ថានជាដើម ដោយប្រទេសទាំងអស់នេះខ្លាំងៗណាស់។ ទោះបីជាយ៉ាងណាខ្ញុំសូមឱ្យកីឡាករយើងប្រឹងប្រែងឱ្យបានខ្លាំងបំផុត ដើម្បីអាចដណ្តើមយកមេដាយមកជូនជាតិមាតុភូមិ។

ឯកឧត្ដមប្រធានសហព័ន្ធបន្ថែមថា ឆ្នាំនេះ យើងមានបញ្ហាប្រឈមខ្លះដែរ គឺកីឡាករល្អរបស់យើងមានខ្លះមិនបានចូលរួម ជាក់ស្ដែងដូចលោកគ្រូ ប៉ាល់ ជីវ័ន ជាដើមដែលជាម្ចាស់មេដាយមាសពិភពលោករបស់យើង។

ទន្ទឹមនឹងនេះ ឯកឧត្ដម កែវ រ៉េមី សង្កត់ធ្ងន់ថា ខ្ញុំចង់ឃើញទង់ជាតិបង្ហោះឡើង និងភ្លេងជាតិខ្មែរបន្លឺឡើងម្តងទៀត ក្នុងការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី នៅប្រទេសឥណ្ឌា។

ប្រតិភូកីឡាតេក្វាន់ដូ ITF កម្ពុជា បានទៅចូលរួមប្រកួតជើងឯកអាស៊ី នៅប្រទេសឥណ្ឌា ឆ្នាំ២០២៤នដែលប្រព្រឹត្តទៅពីថ្ងៃទី១៩ដល់ថ្ងៃទី២៤ ខែសីហា។ ក្នុងនោះកម្ពុជាមានកីឡាករ ១១នាក់ និងកីឡាការិនី៦នាក់៕