Skip to content
    ទំព័រដើម  »  កីឡាជាតិ

នាយកគ្រប់គ្រងថ្មី CPL ចាត់ទុកការប្រកួតពានរង្វាន់ AIA ជើងឯកវិទ្យាល័យជាទីបណ្តុះកីឡាករដ៏ចាំបាច់មួយ

ក្នុងឱកាសចូលរួមកម្មវិធីបើកជាផ្លូវការនៃពានរង្វាន់ AIA ជើងឯកវិទ្យាល័យរដូវកាលទី៤ លោក Peter Koo នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Cambodian Premier Leauge បានលើកឡើងថាការដែលមានកម្មវិធីប្រកួតបាល់ទាត់កម្រិតវិទ្យាល័យនេះគឺជាចំណែកមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍបាល់ទាត់កម្ពុជាកាន់តែឆ្ពោះទៅមុខ និងសម្បូរធនធានកីឡាករច្រើន។

អតីតអគ្គលេខាធិការក្លឹបបាល់ទាត់ឡាយហ្វដដែលបន្ថែមទៀតថានេះជាវេទិកាមួយល្អសម្រាប់យុវជនដែលមកពីតាមបណ្តាវិទ្យាល័យទាំងអស់ឱ្យពួកគេមានឱកាសបង្ហាញខ្លួន ការពង្រឹងសមត្ថភាពនៃការលេងបាល់ទាត់របស់ពួកគេ។ មួយវិញទៀត ករណីយុវជនដែលមានសមត្ថភាព ទេពកោសល្យខ្ពស់នោះ ពួកគេក៏អាចមានការចាប់អារម្មណ៍ពីសំណាក់ក្លឹបនៃលីគកំពូលកម្ពុជាហៅឱ្យទៅចូលរួមក្រុមក៏ថាបាន។

ឆ្លៀតក្នុងឱកាសនោះ ថ្នាក់ដឹកនាំថ្មី CPL មានសញ្ជាតិកូរ៉េខាងត្បូងក៏បានអរគុណដល់អ្នកផ្តួចផ្តើមបង្កើតពានកម្រិតវិទ្យាល័យនេះឡើង ដែលមាន សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ AIA និងអ្នកឧបត្ថម្ភផ្សេងទៀត ក្នុងការនឹកឃើញដល់ការបង្កើតពានរង្វាន់ពីថ្នាក់យុវជនបែបនេះ ពីព្រោះក្នុងប្រទេសជឿនលឿនដូចកូរ៉េខាងត្បូងអ្វីគេក៏មានការប្រកួតពានកម្រិតវិទ្យាល័យ ឬកម្រិតឧត្តមបែបនេះដែរ។

គួររំឭកថា ការប្រកួតពានរង្វាន់ AIA ជើងឯកវិទ្យាល័យរដូវកាលទី៤ សប្តាហ៍ទីមួយនឹងចាប់ផ្តើមនៅថ្ងៃទី២៨ និង២៩ ខែសីហា ឆ្នាំ២០២៤ ដែលមានក្រុមចូលរួមប្រកួតចំនួន ១២វិទ្យាល័យចូលរួម ស្របពេលការប្រកួតធ្វើឡើងរៀងរាល់ថ្ងៃពុធ ព្រហស្បតិ៍ នៅលើទីលានចំនួនបីរួមមានវិទ្យាល័យច្បារអំពៅ វិទ្យាល័យជ្រោយចង្វារ និងវិទ្យាល័យបឹងត្របែក៕