គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិហុល្លង់ លោក Ronald Koeman បានលើកឡើងថា អតីតខ្សែប្រយុទ្ធ របស់ Tottenham Hotspur មួយរូបនឹងគ្មានឱកាសទទួលបានការកោះហៅចូលក្រុមជម្រើសជាតិតទៅទៀតហើយ ក្រោយផ្លាស់ទៅចូលរួមក្លឹបនៃលីគកំពូលអារ៉ាប៊ី សាអ៊ូឌីត។
កាលពីថ្ងៃចន្ទ ក្លឹប Ajax បានប្រកាសពីការចាកចេញរបស់ខ្សែប្រយុទ្ធ វ័យ២៦ឆ្នាំ Steven Bergwijn បានសម្រេចចិត្តចូលរួមក្លឹប Al-Ittihad នៃក្របខណ្ឌ Saudi Pro League ជាមួយតម្លៃ១៧.៦លានផោន។
លោក Koeman បានកោះហៅកីឡាករឆ្នើមមួយចំនួន ដែលបានចូលរួមព្រឹត្តិការណ៍ Euro 2024 សម្រាប់ត្រៀមខ្លួនប្រកួត Nations League ទល់បួស្នៀរ និងហឺសេកូវិណា នាថ្ងៃសៅរ៍ និងអាល្លឺម៉ង់ នាថ្ងៃអង្គារសប្ដាហ៍ក្រោយ។
ប៉ុន្តែ Bergwijn ដែលជាអតីតកីឡាកររបស់ Spurs មិនត្រូវបានកោះហៅចូលក្រុមជម្រើសជាតិហូឡង់ឡើយ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអង្គារ លោក Koeman បានបញ្ជាក់យ៉ាងច្បាស់ថា កីឡាកររូបនេះ នឹងអស់ឱកាសក្នុងការចូលរួមក្រុមជម្រើសជាតិហូឡង់តទៅទៀតហើយ ដោយសារគេផ្លាស់ទៅអារ៉ាប៊ី សាអ៊ូឌីត។