Skip to content
    ទំព័រដើម  »  កីឡាជាតិ

រងការទិតៀនកាយសម្បទា យុវជន ចេង វិចិត្រ ពុះពារបន្តលេងបាល់ទាត់ ព្រោះមានការគាំទ្រពីមនុស្សសំខាន់ៗជុំវិញខ្លួន

យុវជន ចេង វិចិត្រ សមាជិកក្រុមវិទ្យាល័យហ៊ុនសែន សេរីភាពបាននិយាយអំពីប្រវិត្តនៃការចាប់ផ្តើមលេងបាល់ទាត់របស់ខ្លួនហាក់រងការមាក់ងាយ មិនឱ្យតម្លៃលើសមត្ថភាពថាមិនសាកសមលេងបាល់ទាត់ ដោយសារបញ្ហាកាយសម្បទារបស់គេមានមាឌល្អិតពីសំណាក់មជ្ឈដ្ឋានរស់នៅរបស់ខ្លួន។

យុវជនរៀនថ្នាក់ទី១២បន្ថែមថាគេធ្លាប់បាក់ទឹកចិត្តនិងចង់បោះបង់ម្តងម្កាលដែរ ប៉ុន្តែដោយសារមានការលើកទឹកចិត្តខ្លាំងពីសំណាក់ក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់របស់គេ ទើបធ្វើឱ្យគេបន្តលេងរហូតមានឱកាសបានជាប់ក្នុងក្រុមវិទ្យាល័យហ៊ុនសែន សេរីភាព ប្រកួតពានរង្វាន់ AIA ជើងឯកវិទ្យាល័យឆ្នាំ២០២៤នេះ។

យ៉ាងណាតាមរយៈបទពិសោធប្រឡូកក្នុងការប្រកួតបានច្រើនកន្លងមក វិចិត្រ ថាគេអាចសម្របខ្លួនលេងបានតទល់នឹងកីឡាករផ្សេងៗដែលមានមាឌធំៗជាងខ្លួន បូករួមជាមួយការរិះរកមេរៀន និងវិធីសាស្រ្តពីអ៊ីនធឺណែតសម្រាប់ជាពុទ្ធិអភិវឌ្ឍខ្លួនជាមួយបាល់ទាត់។

ចេង វិចិត្រ បានបង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូងឱ្យក្រុមវិទ្យាល័យ ហ៊ុនសែន សេរីភាព ក្នុងប្រកួតតទល់នឹងក្រុមវិទ្យាល័យ ប្ញស្សីកែវ ដែលរូបគេមិនអាចជួយក្រុមរកបានពិន្ទុសម្រាប់សប្តាហ៍ទី១នៃពានរង្វាន់ AIA ជើងឯកវិទ្យាល័យក្រោយបរាជ័យ ០-២ ៕