Skip to content
    ទំព័រដើម  »  កីឡាជាតិ

លោក អេ ភូថង ចាប់អារម្មណ៍ សុខ ធី និង ធន់ វណ្ណា មានភាគច្រើនជាងគេក្នុងការដណ្ដើមឡាន

លោក អេ ភូថង បានចុចឈ្មោះកីឡាករពីររូបដែលលោក យល់ថា ហាក់លេចធ្លោជាងគេ ក្នុងការប្រកួតដណ្តើមឡានខ្លាញ់គោតម្លៃជាង៤ម៉ឺនដុល្លារ នោះគឺកីឡាករមនុស្សឈើ សុខ ធី និង ស្ដេចតុកែធន់ វណ្ណា។ លោកបន្តទៀតថាសម្រាប់វគ្គជម្រុះដំបូងនៅទឹកដីបាត់ដំបងនៅចុងសប្តាហ៍នេះបើអ្នកទាំងពីរចាប់ឆ្នោតត្រូវប៉ះគ្នាមែន លោកថាប្រៀបបានដឹងមុនថានរណាជាម្ចាស់ឡាន Pickup នេះតែម្តង។

អតីតកំពូលកីឡាករគុនខ្មែរពីសម័យមុនដដែលក៏បន្ថែមថាសម្រាប់បេក្ខភាព ៦ រូបផ្សេងៗទៀតថា យ៉ាងណាក្ដី ក៏មិនអាចមើលស្រាលសមត្ថភាពរកីឡាករដទៃទៀតបានឡើយ ត្បិតពួកគេសុទ្ធតែមានចំណុចល្អ និងមានក្ដីស្រមៃធំដូចគ្នា។ ជាក់ស្តែងដូចជាកីឡាករជើងកំពុងឡើងជើង ហុង សុវណ្ណចាន់សុធី, សាន់គុនខ្មែរ, និងកីឡាករជើងចាស់ម្នាក់ទៀត ឡុង ជិន អ្វីក៏ជាបេក្ខភាពមិនគួរមើលរំលងផងដែរ។

សូមបញ្ជាក់ថារូបមន្តនៃការដណ្តើមឡាននេះកីឡាករគុនខ្មែរទាំង៨រូបរួមមាន ធន់ វណ្ណា, ឡុង ជិន, សុខធី, ហុង សុវណ្ណចាន់សុធី, សាន់គុនខ្មែរ, ពុទ្ធ សំបូរ, ផន លីហួរ, មាស ណាឃីម នឹងត្រូវបែងចែកជា ២ពូលក្នុងមួយពូលៗមានកីឡាករ ៤រូប។ ត្រូវចាប់ឆ្នោតវាយម៉ារ៉ាតុនដើម្បី ចម្រាញ់រកជើងឯកតាមពូលនីមួយៗ ការប្រកួតនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ នៅទឹកដីនៃខេត្តបាត់ដំបង។ ជើងខ្លាំង២រូប ដែលឈ្នះជើងឯកម៉ារ៉ាតុនតាមពូល នឹងក្លាយជាបរក្ខភាពចុងក្រោយ បន្តប៉ះគ្នា វគ្គផ្តាច់ព្រ័ត្រដណ្តើមឡាននៅ កោះពេជ្រ នាថ្ងៃទី ២៩ខែកញ្ញា ឆ្នាំ២០២៤៕