ក្នុងកិច្ចសម្ភាសន៍ជាមួយ AMS Sports ឯកឧត្តម ហាក់ សុខហេង បានលម្អិតអំពីចំណុចសំខាន់ៗសម្រាប់ការនាំកីឡាករគុនខ្មែររបស់យើងទៅប្រកួតនៅទឹកដីប្រទេសកូរ៉េខាងត្បូងលើកដំបូងនេះថា ការចេញក្រៅស្រុកលើកនេះគឺជាការរៀបចំទាំងស្រុកពីខាងភាគីស្ថានីយផ្ទាល់ជាមួយនិងអ្នកឧបត្ថម្ភកម្មវិធី។ ថ្នាក់ដឹកនាំដដែលបន្ថែមទៀតថាកន្លងមកថោនត្រឹមតែនាំក្រុមកីឡាករគុនខ្មែរទៅប្រកួតតាមសង្វៀនរបស់ប្រទេសគេស្រាប់ៗ ប៉ុន្តែលើកនេះចេញទៅឈុតធំមានទាំងកីឡាករ អ្នកបច្ចេកទេសផ្សាយ និងក្រុមភ្លេងជាដើម។
ឆ្លងកាត់ជាច្រើនដំណាក់កាលទម្រាំអាចនាំយកសង្វៀនគុនខ្មែរទៅបង្ហាញនៅក្រៅប្រទេសបានដូចនេះ ថោន តបស្នងទៅការដែលបងប្អូនខ្មែររស់នៅប្រទេសកូរ៉េខាងត្បូងទន្ទឹងរងចាំនោះគឺការប្រកួតនៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៤នេះសម្រាប់ការចូលរួមគឺមិនមានការលក់សំបុត្រអ្វីនោះទេ។ លើសពីនេះ ឯកឧត្តម ហាក់ សុខហេង សង្ឃឹមថាការចេញទៅរៀបចំកម្មវិធីលើកនេះនឹងជោគជ័យ សម្រាប់ជាទុនក្នុងការបោះជំហានទៅរៀបចំតាមបណ្តាប្រទេសផ្សេងៗទៀត។
សូមបញ្ជាក់ថា កីឡាករគុនខ្មែរដែលនឹងត្រូវមានវត្តមានប្រកួតនៅប្រទេសកូរ៉េខាងត្បូង ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២៤ មានដូចជា ធឿន ធារ៉ា ម៉ឺន មេឃា អេ អាំម៉ារីនភូថង ភក្តី គុនខ្មែរ សោម វិឆ័យ និង ឡុង អាឆើត។ ការប្រកួតនឹងប្រព្រឹត្តឡើងនៅ Ansan Olympic Memorial hall វេលាម៉ោង 2:00 រសៀលតទៅនៅប្រទេសកូរ៉េនិងម៉ោង 12:00 រសៀលនៅកម្ពុជា៕