Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

កីឡាករ Real Madrid ម្នាក់ថាប្រេស៊ីលត្រូវការ Neymar ដើម្បីឈ្នះ World Cup 2026

តារាឆ្នើមRodrygo របស់ក្លឹប Real Madrid និយាយថា ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីលត្រូវការ Neymar Jr. ប្រសិនបើពួកគេចង់ឈ្នះជើងឯក FIFA World Cup 2026។

ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំ បានរួមចំណែកយកបាន៣ពិន្ទុសម្រាប់ក្រុមប្រេស៊ីល ដោយរកគ្រាប់បាល់១គ្រាប់ ក្នុងជ័យជម្នះ ១-០ ទល់អេក្វាឌ័រ ស្របពេលដែលក្រុមជម្រើសជាតិរបស់ខ្លួនពុំសូវទទួលបានលទ្ធផលគាប់ប្រសើរនោះទេ ក្នុងមួយរយៈចុងក្រោយ ហើយសមាជិករបស់ Real Madrid រូបនេះយល់ថា Neymar ជាកូនសោរសំខាន់ក្នុងការនាំយកភាពជោគជ័យជូនប្រទេសរបស់គេ។

ថ្លែងក្នុងសម្ភាសន៍របស់ ESPN Brazil, Rodrygo បាននិយាយថា៖ “Neymar គឺជាតារារបស់យើង ជាកីឡាករល្អបំផុតរបស់យើង។ គ្រប់គ្នាបានមើលឃើញហើយ ថាយើងនឹកគាត់ប៉ុណ្ណា។ យើងទាំងអស់គ្នាចង់ឱ្យគាត់មានសុខភាពល្អ ហើយគាត់ស្ថិតនៅក្នុងដំណាក់កាលចុងក្រោយនៃការជាសះស្បើយ។ យើងចង់ឱ្យគាត់ត្រលប់មកវិញកាន់តែឆាប់កាន់តែល្អ”។

ក្រុមជើងឯក World Cup ៥សម័យទទួលបានជ័យជម្នះតែម្ដងប៉ុណ្ណោះ ក្នុងការប្រកួតវគ្គជម្រុះ តែម្ដងប៉ុណ្ណោះក្នុងចំណោម៦ប្រកួតចុងក្រោយ ហើយពួកគេទើបតែចាញ់ប៉ារ៉ាហ្កាយ ១-០ កាលពីថ្ងៃអង្គារកន្លងទៅ។

Neymar ដែលជាអ្នករកគ្រាប់បាល់ច្រើនបំផុតសម្រាប់ក្រុមជម្រើសជាតិប្រេស៊ីល បានខកខានរយៈពេលជិតមួយឆ្នាំមកហើយ ដោយសារតែរបួស ACL អំឡុងពេលជួយក្រុមជម្រើសជាតិរបស់ខ្លួន កាលពីខែវិច្ឆិកា ឆ្នាំមុន។

អតីតតារាឆ្នើមរបស់ Barcelona រូបនេះ បានផ្លាស់ចូលរួមក្លឹបអារ៉ាប៊ី សាអ៊ូឌីត Al-Hilal អំឡុងរដូវក្ដៅឆ្នាំ២០២៣ ក្នុងតម្លៃ៩០លានអឺរ៉ូ ពីក្លឹប PSG ប៉ុន្ដែគេបង្ហាញខ្លួនបានតែ៥ប្រកួតប៉ុណ្ណោះសម្រាប់ក្លឹបថ្មី មុនពេលជួបនឹងបញ្ហារបួស។

ទោះមិនបានជួបគ្នាលើទីលាន តែ Rodrygo នៅមានទំនាក់ទំនងជានិច្ចកាលជាមួយ Neymar ជាកីឡាករម្នាក់ដែលគេចាត់ទុកថាជានិមិត្តរូប។ ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំ បានបន្ថែមថា៖ “យើងតែងតែផ្ញើសារទៅគ្នាទៅវិញទៅមក។ ពេលនេះគាត់បានត្រលប់ទៅហ្វឹកហាត់ជាមួយក្រុមបានវិញហើយ។ គាត់ជាមិត្តរួមក្រុមដ៏ឆ្នើម។ វាធ្វើឱ្យខ្ញុំសោកសៅ ពេលដែលមានគេនិយាយមិនល្អពីគាត់។ គាត់តែងតែផ្ញើសារ គាត់បានជួយខ្ញុំ។ ខ្ញុំស្រលាញ់គាត់ ក្រៅតែជាអាយដូលរបស់ខ្ញុំ ជាកីឡាករម្នាក់ ក្នុងនាមជាបុគ្គល គាត់បង្ហាញថា គាត់ជាមនុស្សដ៏អស្ចារ្យផងដែរ”។

ប្រេស៊ីលបានគ្រងជើងឯកបាល់ទាត់ពិភពលោកច្រើនជាងគេ៥លើក ពោលក្នុងឆ្នាំ ១៩៥៨ ១៩៦២ ១៩៧០ ១៩៩៤ និង ២០០២ ពីការឡើងដល់វគ្គផ្ដាច់ព្រ័ត្រ៧លើក។

បន្ទាប់ពីគ្រងជើងឯក World Cup លើកចុងក្រោយបង្អស់របស់ពួកគេ កាលដែលជប៉ុន និងកូរ៉េខាងត្បូងធ្វើជាម្ចាស់ផ្ទះ ក្រុមសាំបាប្រេស៊ីល មិនដែលឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ពិភពលោកនោះទេ ហើយត្រូវបានជម្រុះចេញត្រឹមវគ្គ៨ក្រុមចុងក្រោយ ក្នុងឆ្នាំ២០១៨ និង២០២២។

បច្ចុប្បន្នក្រុមបង្វឹកដោយលោក Dorival Jr. កំពុងឈរនៅក្នុងតំណែងលេខ៥ក្នុងវគ្គជម្រុះ FIFA World Cup 2026 ដោយទទួលបានតែ១០ពិន្ទុប៉ុណ្ណោះ ពី៨ប្រកួត។ Neymar ជាកីឡាករដែលរកគ្រាប់បាល់ច្រើនបំផុតសម្រាប់ក្រុមជម្រើសជាតិប្រេស៊ីល ៧៩គ្រាប់ និងឈរនៅលេខ២ ជាអ្នកបង្ហាញខ្លួនច្រើនបំផុតសម្រាប់ប្រទេសរបស់ខ្លួន ១២៨ប្រកួត តាមពីក្រោយរៀមច្បង Cafu ដែលលេងឱ្យប្រេស៊ីលច្រើនប្រកួតបំផុត ១៤២លើក៕