យុវជន សាកាគីបារ៉ា រីនតារ៉ូ កីឡាករក្នុងក្រុមយុវជនអាយុក្រោម១៩ឆ្នាំអង្គរថាយហ្គឺរបានចែករំលែកអំពីបទពិសោធគ្រារូបគេបានទៅហ្វឹតហាត់នៅអេស្ប៉ាញ ដោយគេថាសម្រាប់យុវជននៅទីនោះគេព្យាយាមលេងប៉ះបាល់ច្រើន មានទម្លាប់បង្កើតទំនាក់ទំនងគ្នារវាងតួនាទីមួយទៅតួនាទីមួយ និងតែងតែលើទឹកចិត្តគ្នាទៅវិញទៅមកពេលធ្វើមិនបានល្អអ្វីមួយ។
បន្ថែមពីនេះយុវជនវ័យ ១៦ឆ្នាំដដែលបន្តទៀតថាយុវជននៅទីនោះពួកគេអំណោយផលល្អច្រើនមិនថាកត្តាកាយសម្បទាល្អ ល្បឿន ពិសេសពួកគេយល់ដឹងអំពីមូលដ្ឋានគ្រឹះនៃបាល់ទាត់ច្រើនតែម្តង។ យុវជនមានឪពុកជាជនជាតិជប៉ុន និងម្តាយសញ្ជាតិខ្មែរបន្តថារូបគេពិតជាចូលចិត្តបែបបទនៃការលេងនេះជាខ្លាំង ហើយគេពិតជាចង់ឃើញបាល់ទាត់នៅខ្មែរលេងបែបនោះដូចគ្នា។
សាកាគីបារ៉ា រីនតារ៉ូ បច្ចុប្បន្នរូបគេកំពុងតែលេងក្នុងក្រុមយុវជនអាយុក្រោម១៩ឆ្នាំអង្គរថាយហ្គឺរ ហើយកាលពីចុងខែមិថុនាកន្លងទៅរូបគេក៏ជាប់ក្នុងបញ្ជឺឈ្មោះចុងក្រោយរបស់លោក Koji Gyotoku ហោះទៅប្រកួតក្នុងពានរង្វាន់ ASEAN U16 Boy’s Championship 2024 ផងដែរ៕