ដោយឃើញពីសភាពទូកមានលក្ខណៈទ្រុឌទ្រោម និងបញ្ហាមួយចំនួនទៀតអំឡុងពេលចូលរួមព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ លោក ស គាវ៉ា គណៈកម្មាធិការដឹកនាំទូក-ង ស្រីស្រស់ស្ទឹងសែន មកពីស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានសំណូមពរដល់មហាជន ឬបងប្អូនអ្នកស្រឡាញ់ទូក-ង និងអ្នកមានលទ្ធភាពឱ្យជួយឧបត្ថម្ភក្នុងការកសាងទូកថ្មីជំនួសឱ្យទូកចាស់ដែលយកមកប្រណាំងនេះ។
ថ្នាក់ដឹកនាំវ័យ ៥៥ឆ្នាំខាងលើបន្តថាដោយសារតែទូកបច្ចុប្បន្នតម្រូវឱ្យជួសជុលជាប្រចាំមុនពេលចេញប្រកួត និងបញ្ហាខ្នាតទូកខ្លីផ្ទុកចំណុះបានតិច ដែលជាហេតុចម្បងពិបាកនឹងប្រកួតប្រជែងជាមួយទូក-ងដទៃៗទៀត។ លោក ស គាវ៉ា និយាយដូច្នេះក៏ដោយសារតែបារម្ភមិនចង់ឱ្យបាត់បង់នៅទូក-ង ស្រីស្រស់ស្ទឹងសែន មួយនេះ។
គួរបញ្ជាក់ផងដែរ ទូក-ង ស្រីស្រស់ស្ទឹងសែន ខេត្តកំពង់ធំ រយៈពេលបីថ្ងៃក្នុងព្រះ រាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ បញ្ចប់ទៅនៅចំណាត់ថ្នាក់លេខ១៣៨ ស្ថិតក្នុងផែនលេខ២ ៕