ខ្សែប្រយុទ្ធ Marcus Rashford ទំនងជាអស់ឱកាសក្នុងការទទួលបាននាទីលេងក្នុងក្រុម Manchester United តទៅទៀតហើយ ក្រោយពេលដែលអ្នកចាត់ការ Ruben Amorim បាននិយាយយ៉ាងច្បាស់ថា លោកសុខចិត្តទុកកៅអីបម្រុង សម្រាប់គ្រូបង្វឹកចាំទីក្រុម ជាងកីឡាករដែលពុំប្រឹងប្រែងអស់លទ្ធភាពសម្រាប់ក្រុម ដែលសម្ដៅទៅលើកីឡាករអង់គ្លេសរូបនេះ។
Rashford មិនបានចូលរួមក្រុមបិសាចក្រហមតាំងពីប្រកួតជំនួបទល់ Viktoria Plzen ក្នុង Europa League នាខែធ្នូ បន្ទាប់ពីលោក Amorim បានសម្រេចចិត្តយ៉ាងគួរឱ្យភ្ញាក់ផ្អើល ក្នុងប្រកួត Premier League ទល់ Manchester City។
កីឡាករវ័យ២៧ឆ្នាំ បានខាកខាន១១ប្រកួតមក ហើយក៏មិនស្ថិតក្នុងបញ្ជីក្រុម Man Utd ក្នុងប្រកួតចុងក្រោយវគ្គចែកពូល Europa League ទល់ FCSB រាត្រីនេះដែរ៕