Skip to content
    ទំព័រដើម  »  កីឡាជាតិ

កិច្ចការគួរធ្វើបន្តសម្រាប់ អាយអេសអាយ ដើម្បីអភិវឌ្ឍក្រុម ក្រោយអស់ឱកាសចូល Top 6

ក្រោយមិនអាចឆ្លងចូលក្នុងចំណោមក្រុមទាំង៦ប្រកួតប្រជែងនៃជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ ក្រោមថ្វីជើងក្រុមនាគខៀវបឹងកេតក្នុងលទ្ធផល ៨ទល់ ១ លោក ឃួន ឡាបូរ៉ាវី វាគ្មិនប្រចាំកម្មវិធីជជែកបាល់ទាត់បានផ្តល់មតិស្ថាបនាមួយចំនួនសម្រាប់ក្រុម អាយអេសអាយ ដង្កោសែនជ័យ ដោយលោកថាក្រុមដឹកនាំដោយលោកគ្រូ ទុំ សារ៉ាយ គួរតែបង្កើនប្រសិទ្ធភាពនៃការរៀបចំផែនការលេងរបស់ក្រុមមុនការប្រកួតមួយៗឱ្យបានច្បាស់លាស់ជាងនេះ និងការពង្រឹងទំនុកចិត្តក្រុមកីឡាករត្រឡប់មកវិញ។

អតីតខ្សែប្រយុទ្ធក្លឹបបឹងកេត ស្វាយរៀង និងក្រុមជម្រើសជាតិកម្ពុជាបន្ថែមទៀតថាក្រុម អាយអេសអាយ គួរតែយកឱកាសនេះសម្រួចសមាសភាពកីឡាករវ័យក្មេងៗរបស់ខ្លួនឱ្យកាន់តែខ្លាំងបន្ថែមទៀត ដើម្បីជាទុនត្រៀមប្រកួតប្រជែងលីគនារដូវកាលក្រោយៗទៀត។

ស្របគ្នានេះដែរ តាមសម្តីផ្ទាល់របស់លោក ទុំ សារ៉ាយ ថ្លែងកាលពីសន្និសីទក្រោយចប់ការប្រកួតដោយលោកថាក្រុមលោកនឹងរុះរើកីឡាករមួយចំនួន បន្តផ្តល់ឱកាសដល់យុវជន ពិសេសគឺការបង្វែរគោលដៅផ្តោតលើពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វិញម្តង។

លោក ទុំ សារ៉ាយ ត្រូវបានក្លឹបផ្តល់សេចក្តីទុកចិត្តតែងតាំងលោកឡើងជាគ្រូបង្គោលក្រុមធំ អាយអេសអាយ នៅចុងខែធ្នូ ដោយដឹកនាំក្រុមសរុបបាន ៧ ប្រកួត ដោយទើបតែស្គាល់រស់ជាតិបរាជ័យត្រឹមតែ ២ប្រកួតនឡើយ៕