Skip to content
    ទំព័រដើម  »  កីឡាជាតិ

លោក ឃួន ឡាបូរ៉ាវី ឃើញភាពខុសប្លែករបស់ក្រុមណាហ្គាវើលដ៍ ក្រោយធ្វើកំណែទម្រង់របៀបលេងថ្មី

លោក ឃួន ឡាបូរ៉ាវី បានកត់សម្គាល់ភាពខុសប្លែកនៃគុណផលរបស់ក្រុមណាហ្គាវើលដ៍មួយរយៈចុងក្រោយនេះដោយលោកថាមានក្រុមដែលដឹកនាំដោយលោក ឃឹម បូរី កំពុងតែប្រើប្រាស់នៅរបៀបលេងមួយថ្មីដែលក្លឹបមួយនេះកម្រនិងលេង។ អតីតខ្សែប្រយុទ្ធប្រអប់ និងជាគ្រូបង្គោលក្រុមជម្រើសជាតិនារីកម្ពុជាបន្ថែមទៀតថាក្រុមរហ័សនាមនាគមាស ប្រើប្រាស់នៅការលេងមួយដែលដាក់សម្ពាធលើគូប្រកួតប្រជែងខ្ពស់នោះគឺការលេង High Pressing និង Counter Pressing ដែលផ្ទុយទៅនិងក្រុមដែលធ្លាប់តែជាលេងរបៀបការពារវាយបកនោះ។

ស្របគ្នានេះដែរ គ្រូបង្គោលមានប្រភពពីខេត្តកំពង់ចាមក៏បាននិយាយអំពីហានិភ័យពីការលេងដោយប្រើប្រាស់ការដាក់សម្ពាធខ្លាំងលើគូប្រជែង ដោយថាទាមទារឱ្យកីឡាករទាំងអស់មានកម្លាំងគ្រប់គ្រាន់ គុណភាពនៃការយល់អំពីតាក់តិចលេង និងចំណាយចំនួនកីឡាករច្រើនផងដែរ។

ណាហ្គាវើលដ៍ កំពុងតែបន្តធ្វើបានយ៉ាងល្អមួយរយៈចុងក្រោយនេះដោយ៥ប្រកួតចុងក្រោយនៃក្របខណ្ឌខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ ក្រុមមានមូលដ្ឋាននៅខេត្តកំពង់ស្ពឺពុំទាន់ស្គាល់បរាជ័យនៅឡើយ ក្នុងនោះឈ្នះ ៤ និងស្មើ១ ឈរនៅចំណាត់ថ្នាក់ទី៥ នៃតារាងពិន្ទុសរុប៕