អតីតកីឡាកររត់បណ្ដាក់រុស្ស៊ី Mark Tolstikhin ត្រូវបានតុលាការប្រទេសខ្លួនកាត់ទោសឱ្យជាប់ពន្ធនាគារ៣ឆ្នាំកន្លះពីបទលួច។
Tolstikhin អាយុ៣៥ឆ្នាំត្រូវបានប៉ូលីសរុស្ស៊ីកំណត់មុខសញ្ញាយូរមកហើយមុនត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី០៤ ខែកុម្ភៈ បន្ទាប់ពីបានប្រទះឃើញតាមកាមេរ៉ាសុវត្ថិភាពនៅស្ថានីយរថភ្លើងក្រោមដីក្រុងម៉ូស្គូ។ ៩ថ្ងៃក្រោយមក តុលាការស្រុក Meshansky បានកាត់ទោសដាក់ពន្ធនាគាររបស់គាត់ ទាំងការចោទប្រកាន់ពីបទប្លន់ និងការរំលោភបំពាន។
ជនរងគ្រោះម្នាក់បានប្រាប់ សារព័ត៌មានក្នុងស្រុកថា “គាត់បានមកហាងរបស់យើង ហើយបានសួរអំពីទូរស័ព្ទ iPhone ។ និយាយគ្នាយូរបន្តិចដែរ ហើយក្រោយមក គាត់ថា ខ្ញុំទិញ។ ពេលដែលខ្ញុំកំពុងកាន់ឯកសារនោះគាត់បានទាញយកទូរស័ព្ទពីដៃរបស់ខ្ញុំហើយរត់។
ជនរងគ្រោះម្នាក់ទៀតបានរៀបរាប់ពីហេតុការណ៍ស្រដៀងគ្នាថា “គាត់បានធ្វើល្បិចជាកក់ណាត់ធ្វើក្រចកឱ្យសង្សារគាត់ ស្រាប់តែឆក់យកទូរស័ព្ទទាំងសាកថ្មជិតទ្វារយកទៅបាត់ ហើយរត់ទៅ។ ខ្ញុំបានព្យាយាមដេញគាត់ ប៉ុន្តែគាត់លឿនពេក” ។
អតីតគ្រូបង្វឹកលោក Yuri Kukanov បានទម្លាយថា មូលហេតុដោយសារតែបំណុលពីការផុងខ្លួនក្នុងល្បែងដែលនាំឱ្យមានអំពើបែបនេះ។ ជារឿយៗគាត់បានខ្ចីលុយពីមិត្តភ័ក្តិ និងមិត្តរួមក្រុម ប៉ុន្តែមិនដែលសងពួកគេវិញទេ។
កាលឆ្នាំ២០១៧ គេធ្លាប់ត្រូវបានចោទប្រកាន់ពីករណីដូចគ្នាដែរ។ ២ឆ្នាំក្រោយមក គេត្រូវបានចាប់ខ្លួនពីបទលួចទូរសព្ទ និងតម្រូវឱ្យធ្វើការសហគមន៍ ប៉ុន្តែគេបានលួចរត់។ និយាយពីអាជីពជាកីឡាករវិញ គេឈ្នះមេដាយថ្នាក់ជាតិយ៉ាងច្រើន និងបានប្រកួតតំណាងប្រទេសរុស្ស៊ីលើឆាកអន្តរជាតិទាំងកម្រិតអឺរ៉ុប និងពិភពលោក៕