កីឡាការិនី ឈន ស្រីនី ប្រធានក្រុមបាល់ទាត់នារីបឹងកេតក្នុងឱកាសប្រមូលផ្តុំហ្វឹកហាត់សារជាថ្មីត្រៀមសម្រាប់ប្រកួតប្រជែងពានរង្វាន់ខេមបូឌានលីគនារីនាពេលខាងមុខបានលើកឡើងថាខ្លួនពិតជាសប្បាយរីករាយដែលបានវិលត្រឡប់មកហ្វឹកហាត់ជុំគ្នាឡើងវិញជាមួយមិត្តរួមក្រុមទាំងអស់។ យុវតីវ័យ ២៦ឆ្នាំបន្តថាការវិលត្រឡប់ជាថ្មីនេះរូបគេ មិត្តរួមក្រុម ក៏ដូចជាថ្នាក់ដឹកនាំក្រុមទាំងមូលបានកំណត់នៅគោលដៅថ្មី ស្របពេលរដូវកាលមុនបញ្ចប់ទៅត្រឹមចំណាត់ថ្នាក់លេខ៦ប្រចាំតារាងក្រុមចូលរួមសរុប។
ឆ្លងកាត់បទពិសោធប្រកួតមួយរដូវកាលមកនេះម្ចាស់អាវលេខ៩៩ដដែលមើលឃើញពីភាពឆកល្វែងមួយចំនួនរបស់ក្រុមលើចំណុចខ្វះខាតភាពសហការជាក្រុម តំបន់ប្រយុទ្ធមិនទាន់មានភាពមុតស្រួច និងបញ្ហាមួយចំនួនត្រូវដុសខាត់បន្ថែម។
ឈន ស្រីនី ជាកីឡាការិនីដែលមានប្រភពពីស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដោយប្រឡូកជាង១០ឆ្នាំមកហើយក្នុងកីឡាបាល់ទាត់នេះ ពោលផ្តើមអាជីពដំបូងជាមួយក្រុមបាល់ទាត់នារីភ្នំពេញក្រោន រួចចូលរួមជាមួយវិសាខា និងបច្ចុប្បន្នជាប្រធានក្រុមប្រចាំក្រុមបាល់ទាត់នារីបឹងកេត៕