យុវជន ហាន ចាន់ហៀង សមាជិកក្រុមបាល់ទាត់ Hurricane – HRC ដែលមានមូលដ្ឋានក្នុងខេត្តព្រសីហនុបានទម្លាយអត្ថន័យស្នូលពីរដែលនូវពីក្រោយក្រុមខ្លួនដែលបកជាភាសាខ្មែរថាខ្យល់ព្យុះនោះក៏ព្រោះជាក្រុមដែលមានមូលដ្ឋានជាប់ដែនសមុទ្រ ចំណែកគុណផលល្បឿនរបស់កីឡាករម្នាក់ៗសុទ្ធលឿនៗទៀត។ យុវជនមានអាយុ១៨ឆ្នាំដដែលបន្តទៀតថាសមាជិកក្រុមទាំងមូលល្អ និងលឿនទៅបានក៏ដោយសារតែក្រុមទាំងមូលមានការប្រមូលផ្តុំហ្វឹកហាត់ជាប់លាប់ដើម្បីរក្សានៅគុណផលឱ្យនៅស្ថិតថេរ។
ជាមួយគ្នាដែរ សិស្សថ្នាក់ទី១០រូបនេះក៏បានបង្ហាញពីគោលដៅចម្បងរបស់ក្រុមខ្លួនថាចង់លើកពានសម្រាប់ពានរង្វាន់បាល់ទាត់មហាជនដែលរៀបចំដោយរដ្ធបាលខេត្តព្រះសីហនុក្នុងឆ្នាំ២០២៥នេះ។ បន្ថែមពីនេះ ចាន់ហៀង ក៏បានបង្ហាញការសាទរចំពោះការបង្កើតឱ្យមានពានរង្វាន់នេះឡើង សម្រាប់ជាឱកាសឱ្យយុវជនក្នុងខេត្តព្រះសីហនុបានបញ្ចេញសមត្ថភាព។
ក្រុមបាល់ទាត់ Hurricane ឬក្រុមខ្យល់ព្យុះបង្កើតឡើងតាំងតែពីឆ្នាំ២០០៥ ជាក្រុមដែលតែងប្រឡូកក្នុងពានរង្វាន់លក្ខណៈមហាជន និងពាក់កណ្តាលអាជីពជាប្រចាំ៕