Skip to content
    ទំព័រដើម  »  កីឡាជាតិ

ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាគាំទ្រខ្លាំងដែលដៃគូឧបត្ថម្ភយកចិត្តទុកដាក់លើធនធានយុវជន

ឯកឧត្ដម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបង្ហាញការសាទរយ៉ាងពេញទំហឹងដែលក្រុមហ៊ុន E-Gets បានចូលរួមឧបត្ថម្ភដោយឆ្ពោះទៅរកការអភិវឌ្ឍយុវជន។ នេះជាប្រសាសន៍របស់ឯកឧត្ដមប្រមុខសហព័ន្ធ ក្នុងពិធីចុះអនុស្សារណៈយោគយល់ស្ដីពីកិច្ចសហការឧបត្ថម្ភរវាងក្រុមហ៊ុនដឹកជញ្ជូនធំមួយនេះ និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

ក្នុងពិធីដែលធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ទី០១ ខែមេសា ឆ្នាំ២០២៥ លោក Xiao Lianhuo (សៀវ លានហ័រ) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អី-ហ្គេត (E-GetS) បានបង្ហាញភាពរីករាយចំពោះការចូលរួមជាដៃគូឧបត្ថម្ភដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ លោកសង្ឃឹមថា នឹងអាចរួមចំណែកបានច្រើនក្នុងការជួយអភិវឌ្ឍកីឡាបាល់ទាត់នៅប្រទេសកម្ពុជា ជាពិសេសលើការបណ្ដុះបណ្ដាលយុវជន។

ឯកឧត្ដម សៅ សុខា ក៏បានមានប្រសាសន៍ដែរថា ការណ៍នេះបានបង្ហាញវឌ្ឍនភាព ការគាំទ្រកីឡាបាល់ទាត់នៅកម្ពុជា ក៏ដូចជាការគាំទ្រផ្នែកហិរញ្ញវត្ថុ ជាក់ស្តែងពេល អី-ហ្គេត (E-GerS) បានចូលរួមគាំទ្រ។

ក្នុងនាមមហាគ្រួសារបាល់ទាត់កម្ពុជា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឯកឧត្ដមប្រធានសហព័ន្ធបានអំពាវនាវ ក្រុមហ៊ុនដទៃផ្សេងទៀតព្រមទាំងអ្នកដែលនិយមវិស័យកីឡា និងអ្នកទស្សនាបាល់ទាត់ បន្តចូល រួមគាំទ្រសកម្មភាពកីឡាប្រភេទថែមទៀត៕