អាយុ៤០ឆ្នាំ មានកូន៣នាក់ធំៗហើយ អ្នកនាង ម៉ានីដា នៅតែឆ្លៀតលេងកីឡាបាល់ទះប្រកួតពានរង្វាន់នានា

Neak Tola
13 មើល
0 នាទីអាន
- Advertisement -

ទោះស្ថិតក្នុងវ័យ៤០ឆ្នាំ​ និងមានកូនធំៗទៅហើយក្ដី អ្នកនាង ម៉ានីដា នៅតែឆ្លៀតបន្តលេងកីឡាបាល់ទះផ្លូវការ ហើយថែមទាំងចូលរួមការប្រកួតនានាទៀតផង។

សមាជិកក្រុមរួមមិត្តតែមួយរូបនេះរំឭកថា ធ្លាប់ជាកីឡាការឹនីប្រចាំក្រុមវិទ្យាល័យ ហ៊ុនសែន សេរីភាព ដែរកាលពីជាង២០ឆ្នាំំមុន និងបានចូលរួមក្រុមនារីខេត្តកណ្ដាលប្រកួតឆ្លងខេត្ត។ អ្នកនាងប្រាប់ថា ចាប់តាំងពីចប់ការសិក្សាមក ក៏បានផ្អាកលេងកីឡាបាល់ទះ ដោយទើបតែថ្មីៗនេះបានចូលរួមជាមួយក្រុមមួយឈ្មោះថា រួមចិត្តតែមួយ ដើម្បីប្រកួតពានរង្វាន់មហាជនខេត្តកណ្ដាល។

អ្នកនាងប្រាប់ថា ការត្រលប់មកវិញនេះដោយសារតែចិត្តស្រលាញ់ និងថា អាចនឹងលេងរហូតទាល់តែលែងមានកម្លាំង។

ទាក់ទងទៅនឹងការជ្រើសរើសកីឡាការិនីចាស់ៗចូលរួមក្រុម អ្នកនាង ទុយ ច័ន្ទផល្លីកា អ្នកចាត់ការក្រុមបាល់ទះនារីរួមចិត្តតែមួយប្រាប់ថា ក្រុមរបស់អ្នកនាងភាគច្រើនជាមិត្តភក្ដិចាស់ៗរួមរៀន និងលេងកីឡាបាល់ទះជាមួយគ្នាកាលពីក្មេង និងបន្តប្រមូលផ្ដុំគ្នាប្រកួតពានរង្វាន់នានាកន្លងមក។

អ្នក ទុយ ច័ន្ទផល្លីកា បន្ថែមថា ការប្រមូលអ្នកចាស់ៗបែបនេះ ដើម្បីបង្ហាញជាគំរូដល់ក្មេងៗថា ចាស់ៗក៏នៅអាចលេងកីឡាបានដែរ៕