យុវជន ភិរុន រក្សា និងយស់ ស៊ីថា កីឡាករថ្នាលជម្រើសជាតិកីឡាវាយសីកម្ពុជាដែលកំពុងប្រមូលផ្តុំហាត់ត្រៀមខ្លួនចេញទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៣ ឆ្នាំ២០២៥ ក្នុងប្រភេទវិញ្ញាសាវាយគូបុរសបានថាបច្ចុប្បន្នពួកគេកំពុងមមាញឹកក្នុងការហ្វឹកហាត់យ៉ាងសស្រាក់សស្រាំជាមួយគ្រូក្នុងជំរុំជម្រើសជាតិ។
លើសពីនេះទៀតយុវជនម្នាក់មកពីខេត្តបាត់ដំបង់ និងម្នាក់ទៀតមកពីខេត្តស្វាយរៀងបន្តថាដោយសារនេះជាលើកទី១ក្នុងការចាប់ដៃគូគ្នា យុវជនទាំងពីរក៏បានបន្ថែមកាលវិភាគហ្វឹកហាត់ជាមួយគ្នានៅក្រៅម៉ោងទៀត ដើម្បីបង្កើនការយល់ចិត្តគ្នាឱ្យកាន់តែខ្លាំងជាងនេះទៀត។
សម្រាប់យុវជន យស់ ស៊ីថា ក្នុងឱកាសចេញក្រៅប្រទេសលើកទី១ និងក៏ជាព្រឹត្តិការណ៍អន្តរជាតិដ៏ធំមួយនេះសាម៉ីខ្លួនបានថាពិតរំភើបចិត្តខ្លាំង ពិសេសគឺបានគាំទ្រយ៉ាងកក់ក្តៅពីក្រុមគ្រួសារ មិនថាកម្លាំងចិត្ត និងប្រាក់រង្វាន់ជាដើម។
សូមបញ្ជាក់ថា ការប្រកួតកីឡាយុវជនអាស៊ី លើកទី៣ នឹងប្រព្រឹត្តទៅពីថ្ងៃទី២២-៣១ ខែតុលា ឆ្នាំ២០២៥ ហើយកីឡាវាយសីគឺជាប្រភេទកីឡាមួយក្នុងចំណោមប្រភេទកីឡាទាំង១៦ទៀតដែលប្រទេសកម្ពុជាបញ្ជូនអត្តពលិកចេញទៅប្រកួតនៅប្រទេសបារ៉ែននេះ៕