ខ្សែបម្រើក្លិបគិរីវង់សុខសែនជ័យ ឡុង បូរាណ នឹងស្ថិតនៅក្រៅទីលានយ៉ាងហោចណាស់៤ខែដើម្បីសម្រាកព្យាបាលរបួសទ្រនាប់ជង្គង់ដែលបានដាច់មួយរយៈធំទៅហើយ និងបានទទួលការវះកាត់នៅភ្នំពេញ កាលថ្ងៃសុក្រ ទី២៨ ខែសីហា។
កីឡាករប្រចាំក្រុមមានមូលដ្ឋាននៅខេត្តតាកែវរៀបរាប់ថា ដំបូងឡើយចេះតែមានអារម្មណ៍ឈឺ ហើយក៏គ្រោងទៅពិនិត្យនៅវៀតណាមដែរ តែដោយសារការលំបាកពេលធ្វើដំណើរអំឡុងការផ្ទុះជំងឺកូវីដ១៩ គេក៏ចេះតែបន្តនៅហ្វឹកហាត់។ ក្រោយមកគេក៏ដាច់ចិត្តពិនិត្យនៅពេទ្យក្នុងស្រុក ទើបឃើញថា បញ្ហាទ្រនាប់តែម្ដង។
ឡុង បូរាណ លម្អិតបែបនេះ “៖ជើងខ្ញុំរបួសយូរដែរហើយ អត់មកថត នៅស្រពិចស្រពិល ដល់ពេលមកថត ទើបដឹងថា ដាច់ទ្រនាប់អ៊ីចឹងបង។ សម្រាកប្រហែល៣ទៅ៤ខែដែរ ទើបអាចហាត់វិញបាន។ ដំបូងឈឺអ៊ីចឹង ខ្ញុំគិតថា ចាំវៀតណាមបើកវិញ តែចេះតែឈឺទៅៗ ក៏សម្រេចចិត្តវះនៅខ្មែរវិញ។ ពេលទើបដឹងដំបូង មិនត្រឹមតែភ្ញាក់ផ្អើលទេតែស្លុតចិត្តតែម្ដង។”
សម្រាប់ថ្លៃចំណាយវះកាត់ទាំងស្រុងត្រូវបានក្លិបបាល់ទាត់គិរីវង់សុខសែនជ័យបញ្ជាក់ថា ជាការរ៉ាប់រងផ្ទាល់ដោយថ្នាក់ដឹកនាំដែលមានឯកឧត្តម សុខ ពុទ្ធិវុធ ជាប្រធាន។
គួរដឹងដែរថា ឡុង បូរាណ ដែលធ្លាប់លេងឲ្យភ្នំពេញក្រោន, វេស្ទើនភ្នំពេញ, សូលទីឡូអង្គរ និងអាស៊ីអឺរ៉ុបយូណយធីត បានចូលរួមជាមួយគិរីវង់សុខសែនជ័យ នៅដើមរដូវកាល២០២០នេះ៕
រូបភាព ៖ ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ