ចំណាត់ថ្នាក់រវាងលេខ៧ និងលេខ៨នៃក្របខណ្ឌកំពូលកម្ពុជា ជុំពីរ រដូវកាល២០២០ គឺជាគោលដៅដែលគ្រូបង្គោល មាស សំអឿន បានដាក់សម្រាប់ក្រុមខ្លួន។
គ្រូបង្វឹកក្រុមតំណាងអគ្គិសនីកម្ពុជាមានទំនុកចិត្តកូនក្រុមអាចធ្វើបានតាមផែនការ ព្រោះក្រុមដែលត្រូវប៉ះគ្នានៅជុំទីពីរ ភាគច្រើនសុទ្ធតែទទួលបានលទ្ធផលស្មើគ្នា កាលជុំទីមួយកន្លងទៅ។
លោក មាស សំអឿន បង្ហាញពីការប្ដេជ្ញាចិត្តបែបនេះ“៖ កាលជុំទីមួយដាក់គោលដៅលេខ៧-៨ដែរ តែកីឡាករខ្លះរបួស ហើយណាមួយខ្មែរសុទ្ធផង។ បានត្រឹមលេខ១០។ ជុំទីពីរ នៅតែចង់បានខ្ទង់៧-៨ហ្នឹងដដែល។ មានទំនុកចិត្តអាចធ្វើបាន ព្រោះគុណភាពមិនសូវដាច់គ្នាខ្លាំង ដោយភាគច្រើនធ្លាប់ស្មើនៅជើងទីមួយ។”

ក្នុងការប្រកួត១២លើកនៅ Metfone Cambodian League ជុំទីមួយ អគ្គិសនីកម្ពុជា មាន៩ពិន្ទុ ដោយឈ្នះ២ ស្មើ៣ និងចាញ់៧ មាន៩ពិន្ទុ។ ដូច្នេះក្រុមលោក មាស សំអឿន ត្រូវបន្តប្រកួតដំណាក់កាលទីពីរក្នុងចំណោមក្រុមចុងក្រោយចំនួន៧ ហើយប៉ះសូលទីឡូអង្គរ នៅថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា៕