លោក Gabor Borsanyi ប្រធានសហព័ន្ធកីឡាបាល់ទាត់លើតុអន្តរជាតិបានបង្ហាញឆន្ទៈខ្ពស់ក្នុងការជួយអភិវឌ្ឍកីឡាបាល់ទាត់លើតុកម្ពុជាទាំងសម្ភារៈ និងបច្ចេកទេស ដើម្បីសម្រួចខ្លួនបង្កើ់តធនធានល្អៗបានច្រើនលើឆាកអន្តរជាតិ។
ការបង្ហាញឆន្ទៈខ្ពស់នេះធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ទី១៩ ខែឧសភា ឆ្នាំ២០២៥ ក្នុងជំនួបពិភាក្សាជាមួយតំណាងក្រសួងអប់រំ យុវជន និងកីឡា។
ក្រោយកិច្ចប្រជុំដ៏សំខាន់នេះ ភាគីទាំងសងខាងបានឯកភាព និងយល់ស្របគ្នា លើកិច្ចសហប្រតិបត្ដិការជាច្រើន ពិសេសលោក Gabor Borsanyi ដែលបានប្ដេជ្ញា និងសន្យាធ្វើការជាមួយអាជ្ញាធរ និងសហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា ក្នុងការជួយជំរុញការអភិវឌ្ឍវិស័យកីឡាបាល់ទាត់លើតុកម្ពុជា ដូចជា៖
- ផែនការអភិវឌ្ឍ៖ ការបណ្ដុះបណ្ដាល និងបញ្ជ្រាបសកម្មភាពលើកីឡាបាល់ទាត់លើតុ តាមស្ថាប័នគ្រប់គ្រងកីឡា និងសាលារៀនានា ។ ការងារនេះ សហព័ន្ធ Teqball អន្ដរជាតិ នឹងធ្វើការផ្ទាល់ជាមួយសហព័ន្ធជាតិ ដើម្បីផ្ដល់នូវសម្ភារ និងការបណ្ដុះបណ្ដាលដល់មន្ដ្រីបច្ចេកទេសជាដើម។
- សហព័ន្ធកីឡា Teqball អន្ដរជាតិ សន្យានឹងផ្ដល់នូវការចូលរួម និងការអភិវឌ្ឍធនធានមនុស្សកីឡាបាល់ទាត់លើតុ ដល់សហព័ន្ធកីឡាជាតិកម្ពុជា ដែលជាចំណុចសំខាន់ និងយល់ស្របគ្នា ក្នុងការចាប់ដៃគ្នាធ្វើកិច្ចសហប្រតិបត្តិការឲ្យទទួលបានជោគជ័យ និងមានការអភិវឌ្ឍពេញលេញ។
- ការផ្លាស់ប្ដូរបច្ចេកទេសទៅវិញទៅមក និងចង់ឲ្យកម្ពុជាមានលទ្ធភាពរៀបចំការប្រកួតលក្ខណៈអន្ដរជាតិ ក្នុងនោះសហព័ន្ធកីឡា Teqball អន្ដរជាតិ ក៏បានសន្យាជួយជំរុញ និងអភិវឌ្ឍន៍សម្រាប់វិស័យកីឡាបាល់ទាត់លើតុកម្ពុជា ក្នុងការត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ផងដែរ។
កីឡាបាល់ទាត់លើតុកម្ពុជាត្រូវបានបង្កើតឡើងដំបូងនៅដើមឆ្នាំ២០២៣ នឹងត្រូវបានដាក់ជាប្រភេទកីឡាបែប demonstration ក្នុងស៊ីហ្គេម ២០២៣៕