ការប្រកួតកីឡាបាញ់កាំភ្លើងជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៧និងទី១៨ខែឧសភា គឺជាការត្រៀមយ៉ាងសំខាន់សម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេម ឆ្នាំ២០២៥នៅប្រទេសថៃចុងឆ្នាំនេះ។ នេះជាការលើកឡើងរបស់ឯកឧត្ដម សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា។
ឯកឧត្ដមមានប្រសាសន៍ថា«ការរៀបចំឲ្យមានការប្រកួតលើកនេះ គឺដើម្បីជ្រើសរើសជើងឯកប្រចាំឆ្នាំ និងដកពិសោធន៍ បច្ចេកទេស ព្រមទាំងពង្រឹងសមត្ថភាពរបស់កីឡាករ-កីឡាការិនី ដើម្បីត្រៀមខ្លួនចូលរួមការប្រកួតកីឡាស៊ីហ្គេម នៅប្រទេសថៃ នាខែធ្នូ។ ដូចនេះ ខ្ញុំសូមលើកទឹកចិត្តជាពិសេសបំផុតដល់កីឡាករ-កីឡាការិនីរបស់យើងគ្រប់ៗរូប សូមធ្វើយ៉ាងណា ខិតខំ តស៊ូ ហ្វឹកហាត់ឲ្យបានច្រើន និងទៀងទាត់ជាទីបំផុត ដើម្បីអាចនាំយកមេដាយជូនជាតិ មាតុភូមិកម្ពុជាជាទីស្រឡាញ់របស់យើងទាំងអស់គ្នា»។
កីឡាករ ហោ មុន្នីរតនៈ ម្ចាស់ជយលាភីលេខ១ លើវិញ្ញាបាញ់ប្រតិកម្ម Production Optic ( 4 Stages) បានសម្ដែងការសប្បាយរីករាយជាខ្លាំង ចំពោះកំណើនអ្នកចូលរួមប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ ។
ការប្រកួតកីឡាបាញ់កាំភ្លើងជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥មានវិញ្ញាសា ចំនួន 4 រួមមាន៖ វិញ្ញាសា កាំភ្លើងវែងខ្យល់ 10 ម៉ែត្រ, វិញ្ញាសា កាំភ្លើងវែងជំហរ បី ប្រវែង 10 ម៉ែត្រ , វិញ្ញាសា បាញ់ប្រតិកម្ម Standard ( 4 Stages) និង វិញ្ញាសា បាញ់ប្រតិកម្ម Production Optic ( 4 Stages)។