ស.ស.យ.ក. រាជធានីភ្នំពេញ និងធនាគារមេយប៊ែង គ្រោងរៀបចំ Football Clinic លំដាប់អន្តរជាតិនៅពេលឆាប់ៗខាងមុខ

sok sovanpanha
542 មើល
0 នាទីអាន
- Advertisement -

កាលពីពេលថ្មីៗនេះធនាគារ មេ​យ​ប៊ែ​ង បានធ្វើការចុះអនុស្សរណៈនៃការយោគយល់ជាមួយ ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ (ស.ស.យ.ក. រាជធានីភ្នំពេញ) លើកិច្ចសហការអភិវឌ្ឍកម្មវីធីពង្រឹងសិទ្ធិអំណាចយុវជន និងលើកកម្ពស់ការចូលរួមក្នុងសហគមន៍។ ដោយពិធីចុះហត្ថលេខានៃការយោគយល់នេះ ធ្វើឡើងក្រោមអធិបតីភាព លោក រ័​ត្ន សោ​ភ័​ណ នាយក​ប្រតិបត្តិ និង​ជានា​យក​ប្រចាំ​ប្រទេស នៃ​ធនាគារ មេ​យ​ប៊ែ​ង ខេ​ម​បូ​ឌា និង ឯកឧត្តម បែ មករា សមាជិកគណៈអចិន្ត្រៃយ៍ ស.ស.យ.ក. រាជធានីភ្នំពេញ និងជានាយកកម្មវិធីកីឡាភ្នំពេញ។

តាមរយៈកិច្ចសហប្រត្តិបត្តិការរវាងស្ថាប័នទាំងពីរបានផ្តួចផ្តើមគំនិតគ្នាជាច្រើនក្នុងការអភិវឌ្ឍសហគមន៍ ក្នុងគោលបំណងលើកកម្ពស់ការចូលរួម ការអប់រំ និងជំរុញទឹកចិត្ត យុវជនកម្ពុជា។ ជាមួយគ្នាដែរ កិច្ចសហការមួយនេះក៏នឹងជះផលវិជ្ជមានទៅដល់វិស័យកីឡាផងដែរ តាមការបញ្ជាក់ស្ថាប័នទាំងពីរគ្រោងនឹងបង្កើតកម្មវីធី ហ្វឹកហាត់កីឡាបាល់ទាត់លំដាប់អន្តរជាតិ (Football Clinic) ដែលពាំនាំមកនៅក្រុមគ្រូៗលំដាប់អន្តរជាតិមកពីបរទេសដែលមានចំណេះជំនាញច្រើនឆ្នាំក្នុងវិស័យកីឡាបាល់ទាត់មកចែករំលែកនៅបទពិសោធដល់យុវជនកម្ពុជា។

ធនាគារ មេ​យ​ប៊ែ​ង និងសហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ ចាត់ទុកពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះគឺជាការចាប់ផ្តើម ក្នុងដំណើរដ៏យូអង្វែងជាមួយគ្នាក្នុងការចូលរួមពង្រឹងសមត្ថភាពយុវជនបង្កើតឱកាសប្រកបដោយបរិយាបន្ន និងគាំទ្រដល់គោលដៅអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ ដោយអនុស្សរណៈនៃការយោគយល់នេះក៏បានបើកទ្វារសម្រាប់គំនិតផ្តួចផ្តើមសង្គមផ្សេងៗនាពេលអនាគត ក្រៅពីវិស័យកីឡា ដូចជាវិស័យអប់រំ ការងារស្ម័គ្រចិត្ត និងយុទ្ធនាការផ្សព្វផ្សាយការយល់ដឹងជាសាធារណៈ ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍កាន់តែទូលំទូលាយ៕