ឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក្រោយកិច្ចប្រជុំនិងជជែក ពិភាក្សា ជាមួយភាគីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អគ្គនាយកដ្ឋានកីឡា និងសហព័ន្ធកីឡាជាតិជាង៥០សហព័ន្ធកាលពីពេលកន្លងទៅបានមានប្រសាសន៍ថាឯកឧត្ដមពិតជាគាំទ្រសម្រាប់គំនិតផ្តួចផ្តើមក្នុងការបង្កើតច្បាប់នៃការគាំទ្រទៅដល់អ្នកកីឡាស្របតាមការចង្អុលបង្ហាញពីឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡារូបនេះបន្តទៀតថាការចងក្រងឱ្យមានច្បាប់ស្តីពីការយកចិត្តទុកដាក់ និងទំនុកបម្រុងទៅដល់អ្នកកីឡានៅកម្ពុជានេះពិតមានសារសំខាន់ ដែលកើតចេញពីចលនានៃការកៀងគរមូលនិធិពីបណ្តាលអ្នកមានធនធាន និងស្រឡាញ់កីឡា ដើម្បីជំរុញនិងអភិវឌ្ឍវិស័យកីឡាកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន។
ឯកឧត្ដម វ៉ាត់ ចំរើន ជឿជាក់ថាប្រសិនជាច្បាប់មួយនេះអាចកើតចេញជារូបរាងទៅបាននោះ ពិតជាផលវិជ្ជមានខ្លាំងសម្រាប់សម្រួលដល់ជីវភាពក្រុមកីឡាករទាំងអស់នាពេលអនាគត៕