ក្រោយរួមចំណែកជួយក្រុមទទួលជ័យជំនះក្រៅដីលើក្រុមម្ចាស់ផ្ទះ LIFE FC ក្នុងលទ្ធផល ០ ទល់នឹង ២ សម្រាប់សប្តាហ៍ទី១នៃ ជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦ អ្នករកគ្រាប់បាល់ទីមួយឱ្យបឹងកេតនាំមុខដំបូងកីឡាករ Louis Zabala បានបង្ហាញអារម្មណ៍រីករាយជាខ្លាំងដែលអាចជួយក្រុមសម្រាប់ការប្រកួតដំបូងជាមួយ ៣ពិន្ទុក្រៅដី ក៏ដូចជាខ្លួនបានរួមចំណែករកគ្រាប់បាល់ស៊ុតបញ្ចូលទី១គ្រាប់ផងនោះ។
ដោយខ្សែបម្រើវ័យ២៤ឆ្នាំរូបនេះអះអាងថាខ្លួនពិតជាចង់ស្វែករកឱកាសស៊ុតបញ្ចូលទីជាបន្តបន្ទាប់ទៀតសម្រាប់បឹងកេត យ៉ាងណារូបគេក៏បានបញ្ជាក់ច្បាស់ៗថាការជួយក្រុមទាំងមូលទទួលបានជ័យជំនះគឺជារឿងដែលសំខាន់សម្រាប់គេ។
ទន្ទឹមគ្នាដែរ អតីតខ្សែបម្រើក្រុម Brisbane Roar នៃលីគកំពូលអូស្រ្តាលីរូបនេះបន្តទៀតថាគោលដៅចម្បងរបស់ខ្លួនក្នុងការមករួមរស់ជាមួយបឹងកេតគឺការប្រជែងយកជើងឯកជាមួយក្លិបរហ័សនាមនៀកខៀវមួយនេះ ប៉ុន្តែចំពោះមុខគេថាអ្វីៗគឺផ្តោតពីមួយដំណាក់កាលទៅមួយដំណាក់កាល ពីមួយប្រកួតទៅមួយប្រកួត៕