លោក ជឹម ប្រសិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាឡើងភ្នំកម្ពុជាក្នុងពេលបើកការប្រកួតកីឡាឡើងភ្នំជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ បានលើកឡើងពីគោលដៅចម្បងនៃការប្រកួតថ្នាក់ជាតិឆ្នាំនេះគឺជាការប្រកួតសម្រាប់វាស់ស្ទង់ ជ្រើសរើសកីឡាករកីឡាការិនី ដើម្បីពង្រឹងត្រៀមសម្រាប់ព្រឹត្តិការណ៍ធំៗចំនួន២ ទីមួយការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍នាចុងឆ្នាំនេះ ក៏ដូចជាការត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍យុវជនអាស៊ីដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះសម្រាប់ឆ្នាំ២០២៩។ ដោយព្រឹត្តិការណ៍ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ដោយថ្ងៃបើកនេះទៀតសោតមានការចូលរួមពីសំណាក់ប្រធានសហព័ន្ធកីឡាឡើងភ្នំកម្ពុជា ឯកឧត្តម ឡាំង អូណា និងសមាជិកសមាជិការនាក្លឹប Phnom Climb Community Gym ។
ទន្ទឹមគ្នា ថ្នាក់ដឹកនាំរូបនេះក៏បានលើកឡើងថាការប្រកួតលើកនេះក៏មានការកើនឡើងចំនួនក្រុមកីឡាករ-កីឡាការិនីច្រើនផងដែរ ពិសេសបានការចូលរួមច្រើនពីបណ្តាលយុវជនផងដែរ។
សូមរំឮកថា កីឡាករ-កីឡាការិនីចូលរួមក្នុងការប្រកួតកីឡាឡើងភ្នំជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ ២០២៥ មានចំនួន ៦១ នាក់មកពី ៥ ក្លឹប។ ប្រកួត ៣វិញ្ញាសារួមមានវិញ្ញាសា lead /Top Rope វិញ្ញាសា Boulder និងវិញ្ញាសា Speed៕